(កណ្ដាល)៖ លោក លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារមន្ទីរចុះជួបសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន សេរីភាព ចំនួន៩០នាក់ ដើម្បីអប់រំផ្សព្វផ្សាយ ស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹង សំណល់ប្លាស្ទិក «ដើម្បីភូមិស្អាត ផ្ទះស្អាត សាលារៀនស្អាត ផ្លូវសាធារណៈស្អាត គ្មានសំរាម» ។
លោកប្រធានមន្ទីរ បានលើកឡើងថា ក្រោយបានទទួលទស្សនៈ ចំណេះដឹងនេះហើយ សូមយកទៅអនុវត្ត ផ្សព្វផ្សាយបន្តដល់មិត្តភក្តិ ក្នុងសាលា ក៏ដូចជាក្នុងសហគមន៍ ដែលក្មួយៗរស់នៅ ចូលរួមថែរក្សាបរិស្ថាន សំអាតសំរាម គ្រប់គ្រងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច តាមដែលអាចធ្វើបាន ដើម្បីសុខសុវត្ថិភាព ក្នុងការរស់នៅ និងកាត់បន្ថយការចំណាយខ្ជះខ្ជាយផងដែរ។
លោកបន្តថា ការទុកដាក់សម្រាមបានល្អ ក៏ជាការចូលរួមចំណែកជួយដល់សង្គមជាតិផងដែរ បើសិនជាការទុកដាក់សម្រាមមិនមានរបៀប បោះចោលផ្ដេសផ្ដាស វាធ្វើឲ្យប៉ះពាល់ដល់មនុស្សយើងទៅវិញទេ ព្រោះមេរោគវានឹងបង្ករឡើងកាន់តែច្រើន នាំឲ្យកើតជំងឺផ្សេងៗជាច្រើន៕