(កំពង់ធំ)៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខ វាយសម្លាប់ចោលគួរឲ្យអាណោចអាធ័មណាស់ ហើយសពជនរងគ្រោះ ត្រូវបានឃាតក យកទៅបោះចោលនៅតាមប្រឡាយទឹក ដែលករណីនេះត្រូវបានសមត្ថកិច្ច ចាត់ទុកថា គឺជារឿងគំនុំ។
សពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅក្នុងលូប្រឡាយទឹក ត្រង់ចំណុចទួលជ្រៃខាងលិច ភូមិកែរ៉ងចំងាយ ប្រមាណប្រហែល២គីឡូម៉ែត្រ ពីភូមិដេលស្ថិតនៅ ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។
ក្រោយពេលប្រទះឃើញ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យមើលសាកសពនៅនិងកន្លែងកើតហេតុ ដោយឃើញមានស្នាមរបួសលើផ្ទៃមុខ រយៈច្រមុះប្រវែងមួយសង់ទីម៉ែត្រជំរៅ៥សង់ទីម៉ែត្រ រយះត្រចៀកខាងឆ្វេងប្រវែង៣សង់ទីម៉ែត្រ របួសក្បាលផ្នែកខាងក្រោយប្រវែង១០សង់ទីម៉ែត្រ រយះចង្កាប្រវែង៩សង់ទីម៉ែត្រ ជំរៅ ១សង់ទីម៉ែត្រ រយះបបូរមាត់ខាងលើផ្នែកខាងឆ្វេងប្រវែង២សង់ទីម៉ែត្រ និងរយះចិញ្ចើមលើផ្នែកខាងឆ្វេង៣សង់ទីម៉ែត្រ ជំរៅ១សង់ទីម៉ែត្រ ។
សាកសពត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ឈ្មោះ សុខ ភក្តី អាយុ ៣៧ ឆ្នាំ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានប្រពន្ធឈ្មោះ ឡុង សោភា អាយុ ៣០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលរបស់លោក បាន និងកំពុង ធ្វើការស្រាវជ្រាវដើម្បីតាមចាប់ជនដៃដល់។