(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebookនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានផ្ញើសារជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។

ជាមួយគ្នានឹងការជូនពរនេះដែរ សម្តេចតេជោក៏បានអំពាវនាវសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។

ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ សម្តេចនាយករដ្ឋមន្ត្រី ក៏អំពាវនាវសូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។

សម្តេចសូមជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី២០២៣ នេះតទៅ។

សូមជម្រាបថា បុណ្យចូលឆ្នាំចិន មានរយៈពេលថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃសែនចូលឆ្នាំចិន និងថ្ងៃទី២២, ២៣ និង២៤ ខែមករា ឆ្នាំ២០២៣ជាថ្ងៃចូលឆ្នាំចិន៕