(ស្វាយរៀង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង១១គីឡូម៉ែត្រ និង៩០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅដើមខែសីហា ឆ្នាំ២០២៣​ ខាងមុខនេះ។

ផ្លូវនេះមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ១៨ ត្រង់ចំណុះភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ការចុះពិនិត្យនេះ មានការចូលរួមពីប្រតិភូអមដំណើរ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត, លោក គឹម ធា សមាជិកព្រឹទ្ធសភា លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងអភិបាលស្រុកកំពង់រោទិ៍ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។

លោកបណ្ឌិតសភាចារ្យបានថ្លែងថា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងជាង ១១ គីឡូម៉ែត្រ ពីឃុំព្រះពន្លាទៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចបាន ៧០%ហើយ។នៅខេត្តស្វាយរៀង គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ មានចំនួន ៤ខ្សែ ប្រវែងសរុប ៥៧ គីឡូម៉ែត្រនិង២០ ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ស្ថាបនារួចរាល់នៅខែសីហាឆ្នាំ ២០២៣ ខាងមុខនេះ ក្នុងនោះមាន៖ ខ្សែទី១ មានប្រវែង ១១ គីឡូម៉ែត្រ និង០៩២ ម៉ែត្រ ចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រំ ។ ខ្សែទី២ មានប្រវែង ៩ គីឡូម៉ែត្រ និង១៦៦ ម៉ែត្រ ចាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ។ ខ្សែទី៣ មានប្រវែង ២៤ គីឡូម៉ែត្រ និង៩៥៩ ម៉ែត្រ ចាប់ពីព្រៃគាវ ដល់កំពង់អំពិល ស្រុករំដួល និងខ្សែទី៤ ដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២៣ ខាងមុខនេះ មានប្រវែង ១១ គីឡូម៉ែត្រ និង៩០ ម៉ែត្រ ចាប់ពីឃុំព្រះពន្លា ទៅដល់ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ។

លោកបន្តទៀតថា គម្រោងកែលម្អផ្លូវជនបទជំហានទី ៣ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហមនៅជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

គម្រោងនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តគោលដៅទាំង ១០ ងាយស្រួលទៅកាន់ទីផ្សារ ស្វែងរកការងារធ្វើ ងាយស្រួលក្នុងការទទួលបានសេវាសង្គម និងផ្ដោតការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពសង្គម ភាពធននិងអាកាសធាតុ និងធ្វើឲ្យមានប្រសិទ្ធភាពធ្វើដំណើរគ្រប់រដូវកាល ក្នុងតំបន់ដែលមានវិសាលភាពវិស័យកសិកម្មខ្ពស់។

លោកបណ្ឌិតរដ្ឋមន្រ្ដី អ៊ុក រ៉ាប៊ុន បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន ដែលបានសាងសង់ផ្លូវនេះ មានលក្ខណល្អប្រសើរ និងបានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋដែលមានដែលមានលំនៅដ្ឋានតាមដងផ្លូវ ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសរបស់ក្រុមហ៊ុន ប្រចាំការនៅការដ្ឋាន ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព និងសោភ័ណភាព។

សូមបញ្ជាក់ថា ខេត្តគោលដៅទាំង១០នៃគម្រោង រួមមានខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះ នឹងទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរុប ៧២៤ គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣។

គម្រោងនេះចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាសរុប ១២០លានដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕