(ភ្នំពេញ)៖ គេកាន់តែងាយមើលឃើញ និងក៏កាន់តែងាយយល់ ពីព្រោះឥឡូវនេះអ្វីៗ គឺអស់ហើយ។ ការខិតខំប្រមូលដឹកនាំយកមនុស្សជាបន្តបន្ទាប់ មកធ្វើពិធីនៅទីស្នាក់ការកណ្តាលរបស់គណបក្ស ដែលសូម្បីពិធី «ស្រាយបួសខែរ៉ម៉ាឌន របស់បងប្អូនខ្មែរឥស្លាមកម្ពុជា» ក៏គៀងគរយកមកធ្វើនៅក្នុង ស្នាក់ការគណបក្សសង្គ្រោះជាតិ គឺជាគ្រាន់រូបភាពប៉ុណ្ណោះ។ ការបិទបាំងនេះ វានៅលើគោកពេក !។

នេះគឺដូចលោក ទាវ វណ្ណុល សមាជិក ព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី និយាយ២-៣ថ្ងៃមុននេះ បន្លំចិត្តខ្លួនឯងយ៉ាងចុកចាប់ថា៖ «នេះជាយុទ្ធសាស្ត្ររបស់បក្សយើង។ យើងគ្មានជម្រើសអ្វីក្រៅពីនេះទេ...» [យើងធ្វើហ្នឹងត្រូវហើយ] ពីព្រោះវាទ័លច្រក គឺវាពិតជាទ័លច្រកមែន។

មានសំណួរថា ហេតុអ្វី កឹម សុខា នៅតែបន្តយកទីស្នាក់ការកណ្តាលនៅចាក់អង្រែ ដែលជាកេរ្តិ៍តំណែលរបស់ លោក សម រង្ស៊ី ដើម្បីជាមូលដ្ឋានតស៊ូនយោបាយ ដើម្បីបិទបាំងរឿងអាម៉ាសរបស់បុគ្គល ?

ក្នុងសំណួរនេះគឺបានបង្កប់ចម្លើយរួចទៅហើយ ពីព្រោះគ្មានស្ថានទូតណាមួយ គេអនុញ្ញាតឲ្យបុគ្គលដែលប្រព្រឹត្តអំពើអសីលធម៌ផ្លូវភេទ ឲ្យទៅលាក់ខ្លួនក្នុងទូតគេ ដើម្បីបិទបាំងរឿងអាស្រូវបុគ្គលនោះទេ។ គេដឹងអ្វីគួរ អ្វីមិនគួរច្បាស់ណាស់ !

ផ្ទះខ្លួនឯងនៅមិនកើត។ ស្ថានទូតក៏គេមិនឲ្យយកមកលេងសើចបន្លំគេបាន ពីព្រោះ រឿង កឹម សុខា គឺមិនមែនករណីគំរាមកំហែងនយោបាយទេ។ ដូច្នេះ កឹម សុខា មានតែចូលប្លន់យកទីស្នាក់ការអតីតគណបក្ស សម រង្ស៊ី ធ្វើជាខែលបិទបាំងរឿងអាស្រូវ។ ប៉ុន្តែខ្លឹមសារគឺអស់ហើយបាត់បង់ដូចតទៅ៖

 

១៖ គណបក្សសង្គ្រោះជាតិបាត់ការគាំទ្រពីបរទេស៖
លែងពឹងបរទេសបានទៀតហើយ ! ពឹងអី? ពឹងសហគមន៍អឺរ៉ុប ? អឺរ៉ុបដែលកំពុងដាំក្បាលចុះ គឺមានការងារអាទិភាពផ្ទាល់ខ្លួនរបស់គេច្រើនណាស់ ។ ដូច្នេះ អស់ន័យហើយ ជួយខ្លួនឯងជាមុនទៅ ! សក់អ្នកណា ក្បាលអ្នកហ្នឹង។ ការដែលបរទេសខ្លះ សម្តែងមតិខ្លះ គឺមិនមែនមានន័យថា គេគាំទ្របុគ្គល កឹម សុខា នោះទេ។ គេគ្រាន់តែមកស្វែងយល់ ដើម្បីជារបាយការណ៍តែប៉ុណ្ណោះ។ អាចទូតរាយការណ៍ថា ល្មមឈប់ជឿ កឹម សុខា មែន !

ចំពោះនៅសហរដ្ឋអាមេរិកវិញ ក៏ស្ងប់ស្ងាត់ដែរ ។ បានត្រឹមរូបថត ២ឬ៣សន្លឹក ក៏បង្ហោះបង្អួតគេ តែវាក៏លែងមានន័យខ្លឹមសារទៀតដែរ ។ សំឡេងគាំទ្រលែងឮទៀតហើយ ។ លុយជំនួយក៏គ្មានអ្នកឲ្យទៀតដែរ។

សម រង្ស៊ី ត្រូវត្រឡប់មកប្រទេស ហ្វីលីពីន ដើម្បីកោះប្រជុំអចិន្ត្រៃយ៍គណបក្ស ។ ប្រជុំដូចមិនប្រជុំ ! ពីព្រោះប្រជុំតាមវីដេអូ រាល់ថ្ងៃទៅហើយ ឬមួយប្រជុំលើកនេះ មិនចង់ឲ្យ កឹម សុខា ដឹងឮ ? នេះមិនមែនរាំវង់នយោបាយក្នុងបក្សសង្គ្រោះជាតិទេ តែជាការស្តាប់ខ្លងខែកក្នុងបក្សសង្គ្រោះជាតិប៉ុណ្ណោះ !

 

២៖ គណបក្សសង្គ្រោះជាតិ កំពុងធ្វើនយោបាយដើរបញ្ច្រាសទិស៖
ពឹងបរទេសមិនទៅមុខ ហើយកំពុងទ័លច្រកខាងយុទ្ធសាស្ត្រ រហូតធ្វើនយោបាយដើរបញ្ច្រាសទិសទៅទៀត។ នេះគឺដោយសារតែបុគ្គល កឹម សុខា ដែលបក្សត្រូវ បង្ខំចិត្តធ្វើនយោបាយដើរបញ្ច្រាសទិស។ ហេតុដូចម្តេច ? ពីព្រោះជាយុទ្ធសាស្ត្រ គេមានតែជំរុញបក្សឲ្យចុះមូលដ្ឋាន តែនេះបែរជារុញមូលដ្ឋានឲ្យឡើងមកបក្សវិញ។ នយោបាយបញ្ច្រាសទិសនេះ គឺវាមិនខុសអី រុញមនុស្សឲ្យចូលរុន្ធក្តាមទាំងងងើល និងមិនខុសអីយកខោស្លីបលីអូពាក់លើក្បាល កឹម សុខា នោះទេ។ បើបន្តដើរ លើផ្លូវបែបនេះ ហើយយល់ថា ជាផ្លូវត្រូវ ! កុំចេញក្រៅឲ្យសោះ កុំចេញជាដាច់ខាត ! លាក់ខ្លួនក្នុងបន្ទប់ ៤ម៉ែត្រ ៤ជ្រុងតទៅទៀតចុះ ! នេះគេគេហៅថា នយោបាយថោកទាប !

 

៣៖ គណបក្សសង្គ្រោះជាតិ មានមេដឹកនាំបាត់ព្រលឹង៖
ព្រលឹង កឹម សុខា ចេញបាត់ពីខ្លួនយូរហើយ សល់តែសម្បកខ្លួនទេ។ កឹម សុខា ដែលធ្លាប់តែក្លាហាននិយាយឌឺដង ឥឡូវគឺរស់ដោយសារហៅព្រះសង្ឃ ឲ្យធម៌ប៉ុណ្ណោះ។ ហៅគេ ហៅឯង បានចំនួនបន្តិចបន្តួចមកនៅជិតខ្លួនរាល់ថ្ងៃនេះ គឺដើម្បីបន្លប់ចិត្តកុំឲ្យភ័យភ័យពេក ភ័យគ្រប់រឿង ម្យ៉ាងគឺភ័យខ្លាចជាប់គុក ។ តែគុកនៅរង់ចាំរហូតហ្នឹង !

 

៤៖ គណបក្សសង្គ្រោះជាតិ ធ្វើពិធីឲ្យតែល្អមើល តែគ្មានខ្លឹមសារទេ៖
រាល់ថ្ងៃខិតខំបង្ហាញរូបភាពជួបសកម្មជនតិចតួច ឬធ្វើសន្និសិទកាសែត ដើម្បីបន្លំភ្នែកសាធារណៈជន តែវាអត់ខ្លឹមសារទេ។ ការពិតអ្នកដែលតម្រូវឲ្យឡើងនិយាយ តាមវេនប្រចាំថ្ងៃដើម្បីជួយបិទបាំង កឹម សុខា គឺនិយាយឲ្យតែរួចខ្លួនទេ ហើយក៏រង្គៀសចិត្ត ខ្លាចតែនិយាយទៅមិនវាទំនង មិនសម ខ្លាចគេមិនជឿ។ ការពិត គេមិនជឿមែន ! សូម្បី លោក សម រង្ស៊ី ពេលខ្លះគឺមិនយកទៅបង្ហោះលើ Facebook គាត់ផង ។ ឥឡូវនេះ មិនត្រឹមតែមេដឹកនាំបាត់ព្រលឹង សូម្បីសកម្មជន ក៏បាត់ការគាំទ្រដែរ ពីព្រោះការដឹកនាំវាអន់ពេក !

៥៖ គណបក្សសង្គ្រោះជាតិ យកវិធី ​«អាគមផ្សំអាយុ»៖
ជំពាក់បំណន់ច្រើនពេកហើយ ! អស់ពីលាបំណន់នៅខេត្តសៀមរាប ឥឡូវនេះគ្រោងទៅលាបំណន់ នៅអ្នកតាឃ្លាំងមឿង ខេត្តពោធិ៍សាត់ ។ លេងសើចនឹងព្រលឹងវីរៈបុរសពេកហើយ។ វាគ្មានន័យទេ ! ប្រយ័ត្ន «បាបកម្ម» ត្រួតលើ «បាបកម្ម» !

 

៦៖ ខណៈការគាំទ្រក៏បាត់ កម្លាំងនយោបាយក៏ចុះ
ទិសនយោបាយក៏ចាល់ ឥឡូវមកបែកធ្លាយរឿង សកម្មជនព្រមានការបាត់លុយមូលនិធិ ជាពិសេសមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដែលជាលុយញើសឈាមរបស់ប្រជាជន៖ «ប្រយ័ត្នចាយអស់ បាត់មិនដឹងមុខ នោះប្រជាជននឹងដាក់បណ្តាសារ»។ ប្រភពផ្ទៃក្នុងបាននាំគ្នាដាក់សំណួរថា ៖ យកលុយគេទៅឯណា? ប្រើរបៀបម៉េច? ហើយទូរទស្សន៍ហ្នឹងចេញពេលណាជាក់លាក់ ?

នេះហើយបក្សអត់អនាគត ។ អត់មានធ្វើអ្វីបានជាដុំកំភួនជួយជាតិទេ ! បានដែរ ២ថ្ងៃ១០ដង ! ស្រមៃនឹងទៅដឹកនាំប្រទេសជាតិម្តេចនឹងកើត ? កិច្ចការជាតិ ប្រជាធិបតេយ្យ អភ័យឯកសិទ្ធិ សិទ្ធិមនស្សផេះអី ហើយទីបំផុត រត់ចុះរត់ឡើង វិលវល់ យកបក្សទាំងមូលមកបិទបាំងបុគ្គលស្មោកគ្រោក កឹម សុខា ប៉ុណ្ណោះ៕

ដោយ៖ សេនាជាតិ