(កណ្តាល)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោកស្រីតំណាងរាស្រ្ត ឃួន សុដារី សមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្តាលCPP និងជាប្រធានគណៈពង្រឹងស្រុកលើកដែក បានចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃការបង្កើតគណបក្សប្រជាជន នៅស្រុកលើកដែក ខេត្តកណ្តាល។

នៅក្នុងពិធីនោះ លោកស្រី ឃួន សុដារី បានអានសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន​គណបក្សប្រជាជន សំរាប់ខួបលើកទី៦៥ថ្ងៃបង្កើតគណបក្សប្រជាជន។ លោកស្រីបានអះអាងថា សមាជិក សមាជិការគណបក្សប្រជាជនស្រុកលើកដែក  មានការចាប់អារម្មណ៍ខ្ពស់ថា ការរៀបរាប់ពីដំណើររឿងរាវគ្រប់យ៉ាងដែលកម្ពុជា បានឆ្លងកាត់មកជាង៣០ឆ្នាំនេះ ជាការពិតដែលត្រូវពួកគាត់ចងចាំនិងរួមគ្នាថែរក្សា ការពារនូវសមិទ្ធិផលដែល យើងទាំងអស់គ្នាពិសេសរាជរដ្ឋា​ភិបាលដឹកនាំដោយគណបក្សប្រជាជន ខិតខំស្តារនិងកសាងបានគ្រប់វិស័យដូចដែលយើងមានសព្វថ្ងៃនេះ ឱ្យគង់វង្សនិងរួមគ្នាបន្តកសាងឱ្យរីកចំរើន  ថែមទៀតដើម្បីភាពសុខដុមរមនារបស់សង្គមកម្ពុជាទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ គណបក្សប្រជាជនកម្ពុជា មានអាយុកាល៦៥ឆ្នាំហើយ។ គណបក្សប្រជាជន បានរំដោះប្រទេសជាតិ ឲ្យរួចចាកផុត ពីរបបប្រល័យពូជសាសន៍ដ៏យ៉ង់ឃ្នងនិងបានខិតខំសំរេចនូវស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ យ៉ាងច្រើនជូន ប្រទេសជាតិ   ដែលអាចឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ នូវលទ្ធភាព សមត្ថភាព និងថាមពលរបស់ គណបក្សប្រជាជនក្នុងការបន្តដឹកនាំប្រទេសទទួលបានលទ្ធផលល្អថែទៀតទៅថ្ងៃអនាគត។

ក្នុងការជួបជុំអបអរសាទរខួបអនុស្សាវ​រីយ៍លើកទី៦៥ថ្ងៃបង្កើតគណបក្សប្រជាជននេះ លោកស្រី ឃួន សុដារី រួមជាមួយក្រុមការងារបានឧបត្ថម្ភថវិកា ដល់សមាជិកបក្សស្រុកដែលចូលរួមក្នុងអង្គពិធីមា្នក់ៗ ២ម៉ឺន​រៀល ​និងបានឧបត្ថម្ភស្នាក់ការបក្សស្រុករួមទាំងចំណាំយផ្សេងៗសម្រាប់បំរើអោយការងារមូលដ្ឋានសរុបអស់ថវិកាប្រមាណជាង៩លានរៀល៕