(ព្រៃវែង)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ បានចូលរួមក្នុងពិធីអបអរសាទរខួប៦៥ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៤១-២៨ មិថុនា ២០១៦) នៅទីស្នាក់ការបក្សឃុំជាច។ ជាមួយការអបអរសាទរថ្ងៃកំណើតបក្ស លោក វង សូត បានទទូចឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសមិទ្ធផល ដែលរាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជាសម្រេចបាននៅក្រោយពេលសង្រ្គាម។
លោក វង សូត បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ដោយ បង្កើតឲ្យមានសាលារៀន វត្តអារាម មន្ទីរពេទ្យ ផ្លូវ ស្ពាននានា ដែលជាគោលដៅមួយបង្កលក្ខណៈងាយស្រួល ឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលបានសេវា និងការធ្វើដំណើរបានងាយស្រួល។
លោក វង សូត្រ បានថ្លែងដូច្នេះ «មន្រ្តី ឬ អាជ្ញាធរមូលដ្ឋាន ត្រូវមានកាតព្វកិច្ចចូលរួមការពារសមិទ្ធិផលនានាក្នុងមូលដ្ឋាន និងការថែរក្សា ឲ្យបានគង់វង្សយូរអង្វែង ព្រមទាំងអនុវត្តការងារឲ្យបានត្រឹមត្រូវ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើន ដោយហាមដាច់ខាត មិនឲ្យអាជ្ញាធរមូលដ្ឋាន ទទួលសំណូកខុសនឹងគោលការណ៍ច្បាប់ ដែលនាំឲ្យប្រជាពលរដ្ឋសម្តែងការមិនពេញចិត្ត»។
លោក វង សូត ក៏បានស្នើរឲ្យមន្រ្តីមូលដ្ឋានបម្រើសេវាឲ្យបានល្អ ក្នុងការផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹង ត្រូវពិនិត្យ ឲ្យបានគ្រប់ជ្រុងជ្រោយលើចំណុចខ្វះខាតទាំងឡាយ ដោយត្រូវរួមដៃគ្នាដោះស្រាយរាល់បញ្ហាកើតឡើងទាំងនោះ ឲ្យបានទាន់ពេលវេលារ ក្នុងការផ្តល់សេវាសាធារណៈទាំងនេះ ជាពិសេសសមាជិកបក្សទាំងអស់ ខិតខំកសាងបន្ថែមនិងថែរក្សា សមិទ្ធនានាឲ្យបានគង់វង់ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួម អភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើនដូចប្រទេសដទៃទៀតផងដែរ ។
នៅក្នុងកម្មវិធីនេះដែរ លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជាច ក៏បានធ្វើពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មី និងប្រគល់ថវិកាមូលនិធីសម្តេចក្រឡាហោម ស ខេង ជូនដល់ស្ត្រីសំរាលកូនចំនួន ១៣៩គ្រួសារ និងគ្រួសារសពចំនួន ៩គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានថវិកាចំនួន ២០ម៉ឺនរៀល៕