(ព្រះសីហនុ)៖ ក្រោយពីទទួលបានដំណឹងថាមានពលរដ្ឋរស់នៅក្រុងកោះរ៉ុង មានជំងឺត្រូវសង្គ្រោះបន្ទាន់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូន​ ទេសចរណ៍ជលយានខេត្តព្រះសីហនុ​ នាថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២៣នេះ​បានបញ្ជូនអូប័រល្បឿនលឿន និងក្រុមការងារសង្គ្រោះទៅទទួលយក មកសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុភ្លាមៗ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ស្រ្តីជាអ្នកជំងឺ ស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុដោយភ្លាមៗចាំបាច់ត្រូវគិតគូពីការជួយសង្គ្រោះជាមុន នៅមិនទាន់ដឹងពីអត្តសញ្ញាណ (ឈ្មោះ)ពីអ្នកជំងឺនៅឡើយ។

បច្ចុប្បន្នស្រ្តីរងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះបានបញ្ជូនតាមអូប័រល្បឿនលឿនមកកាន់កំពង់ផែក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុរួចហើយ៕