(ព្រះសីហនុ)៖ សណ្ឋាគារកម្ពស់៩ជាន់មានឈ្មោះថា ឡិមុន ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ​ ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យមានផ្សែងខ្មួលខ្មាញ់ ប៉ុន្តែភ្លាមៗកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន បានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់លោក បានសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅដល់កន្លែងកើតហេតុ និងជួយបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការណ៍១០០ភាគរយ មិនបណ្តាលឲ្យរងគ្រោះដល់នរណាម្នាក់នោះឡើយ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងសមត្ថកិច្ចបានចូលទៅគ្រប់ជាន់ទាំងអស់ ដើម្បីយកមនុស្សចេញ ចៀសវាងគ្រោះថ្នាក់ដោយសាភ្លើងឆេះ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះនៅឡើយទេ ហើយសម្រាប់ទំហំនៃការខូចខាតទ្រព្យសម្បត្តិនោះ ក៏មិនទាន់អាចវាយតម្លៃបាននៅឡើយទេ៕