(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៤៥ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់មានសមត្ថភាព ចំពោះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
បើតាមលោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង, នេះជាលើកទី៤៥ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានរៀបចំវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន។ តាងនាមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន លោកសូមកោតសរសើរ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន គ្រូបង្គោល ក្រុមការងាររៀបចំ វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៤៥ ដែលមាន១៧៣នាក់ (ស្រី១១នាក់) និងមានគ្រូឧទ្ទេសនាម ដែលមានបទពិសោធន៍ខ្ពស់ក្នុងកិច្ចការជាមន្រ្តីនគរបាលយុត្តិធម៌ និងការងារដឹកនាំជំនាញកងកម្លាំងនគរបាលជាតិ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានផ្ដាំផ្ញើនូវការងារសំខាន់ៗ មួយចំនួនដល់ភ្នាក់ងារសន្ដិសុខឯកជន ក្រោយបញ្ចប់ការបំប៉នជំនាញ រួមមាន៖
*ទី១៖ ស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន៖ ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។
*ទី២៖ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន៖ ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។
នៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។
*ទី៣៖ រួមគ្នាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
*ទី៤៖ នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា (បន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល) ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា
*ទី៥៖ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៤៥ ប្រព្រឹត្តទៅចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលសិក្ខាកាមចំនួន ១៥៩នាក់ (ស្រី ០២នាក់) ក្នុងនោះ ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន ៦២នាក់ (ស្រី០១នាក់) មកពី៥២ក្រុមហ៊ុន និងភ្នាក់ងារសន្តិសុខឯកជនមិនបម្រើសេវាកម្មចំនួន ៩៧នាក់ (ស្រី០១នាក់) មកពី២៥សហគ្រាសគ្រឹះស្ថាន។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៤៥លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន៧,៩៤៧នាក់ (ស្រី១៩០នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន ១៧៣នាក់ (ស្រី១១នាក់)។
លោកបានគូសបញ្ជាក់ថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕