(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ស្ថានភាពរបស់អ្នកជំងឺ (ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន) ជាក់ស្ដែងបច្ចុប្បន្ននេះ គឺមានលំនឹង ឬក៏នឹងនរជាបណ្ដោះអាសន្ន។

«នឹងនរជាបណ្ដោះអាសន្ននេះ បានន័យថា អ្នកជំងឺកំពុងតែមានកត្ដាបញ្ហាប្រឈមជាប់នឹងខ្លួនជាប្រចាំ ហើយកត្ដាប្រឈមនេះ កើតមានក្រោយពេលដែលគាត់មានបញ្ហាលើកទី១ (ពេលដែលស្ដ្រីរងគ្រោះខាងលើ ត្រូវពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន) ដែលយើងបានជួយសង្គ្រោះអាយុជីវិតគាត់ឱ្យរស់ផុតពីគ្រោះថ្នាក់ភ្លាមៗពេលបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត។ ពេលសុខភាពប្រសើរបន្ដិច គាត់បន្ដទៅព្យាបាលនៅប្រទេសថៃ តែកត្ដាប្រឈមនោះនៅតែមានជាប់ខ្លួន ដោយពេទ្យថៃមិនអាចស្រាយបញ្ហាប្រឈមនេះបានទេ»។ នេះតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ។ 

លោកបន្ដថា ដូច្នេះពេលគាត់ត្រលប់មកពីថៃវិញ គឺក្រុមគ្រូពេទ្យយើង បានបន្ដថែទាំសុខភាពរបស់គាត់ឱ្យនៅនឹងនជាបណ្ដោះអាសន្ន ដោយខិតខំពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែបញ្ហាប្រឈមអាចធ្វើឱ្យអ្នកជំងឺជួបនឹងបញ្ហាគ្រោះថ្នាក់ជាក់ស្ដែង នៅពេលណាមួយក្នុងពេលខាងមុខនេះ ។

លោកសាស្ដ្រាចារ្យបានធ្វើការប្រៀបធៀបថា អ្នកជំងឺមានភាពល្អប្រសើរជាលំដាប់នោះ គឺទាល់តែអ្នកជំងឺអាចហូបអាហារតាមមាត់បាន ហើយការហូបអាហារតាមមាត់បាន សាធារណៈជនបានយល់ច្រើនហើយថា ទាល់តែមានពោះវៀនយកមកផ្សុំាឱ្យគាត់ ហើយពេលដែលផ្សុំាទៅ ពោះវៀននេះដំណើរការ ចឹងអ្នកជំងឺអាចហូបតាមមាត់បាន ចឹងយើងសង្ឃឹមថានឹងមានភាពប្រសើរឡើងជាលំដាប់ អាចទៅរកភាពសឹងតែធម្មតាវិញបាន។

«ប៉ុន្ដែលក្ខណៈនៃការផ្សុំាពោះវៀនបាន ឬបច្ចេកទេសដែលមានលក្ខខណ្ឌ យកមកដាក់ឱ្យគាត់ លុះណាតែអ្នកជំងឺ បាត់រលត់នូវកត្ដាប្រឈមទាំងនោះពីក្នុងខ្លួនគាត់សិន  ហើយកត្ដាប្រឈមប្រៀបធៀបដូចជា អ្នកជំងឺកំពុងអោបគ្រាប់បែកនៅនឹងខ្លួន ចឹងការផ្សុំាពោះវៀននេះ បើមានពោះវៀនហើយ មានបច្ចេកទេសហើយ យកមកផ្សុំាឱ្យគាត់បានទាល់តែមានពេទ្យណាអាចដកគ្រាប់បែកចេញពីខ្លួនគាត់បាន ហើយគ្រាប់បែក សូម្បីតែគាត់ទៅព្យាបាលនៅថៃ ក្នុងរយៈពេល១ខែមកនេះ ពេទ្យថៃមុនដំបូងសន្យាថា គាត់នឹងធ្វើការវះកាត់អ្នកជំងឺម្ដងទៀត ដើម្បីបំបាត់កត្ដាប្រឈម បានន័យថា គាត់នឹងសាកល្បងដោះនូវគ្រាប់បែបនេះ ក៏ប៉ុន្ដែគាត់មិនបានធ្វើទេ ដូច្នេះគ្រាប់បែកដែលជាប់នៅនឹងខ្លួនគាត់ ប្រហែលជាមិនអាចដកបាននោះទេ»

លោកសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមនូវស្ថានភាពជាក់ស្ដែងនៅថ្ងៃនេះថា៖

១៖ អ្នកជំងឺមានស្ថានភាពទូទៅមានលំនឹង ដោយកម្លាំងកើនឡើងបន្ដិច គេងលក់ និងស្រស់ស្រាយ។

២៖ កត្ដាប្រឈមដែលកំពង់កើតមាន នឹងដែលអាចលេចចេញបន្ថែមចំពោះមុខ
កំពុងមាន៖
* ការលេចធ្លាយទឹកប្រម៉ាត់ ទឹកលំពែង ហូរចូលទៅក្នុងពោះ និងហូរចេញក្រៅវិញតាមទុយោបង្ហូរ
* ដុំឈាមកកក្នុងសសៃឈាម
* មិនអាចហូបអាហារតាមមាត់បានទេ គឺត្រូវឱ្យអាហារ(វេជ្ជសាស្ដ្រ)តាមសសៃឈាមទាំងស្រុង
អាចប្រឈមចំពោះមុខ
* ការក្លាយរោគ ដែលអាចធ្ងន់ធ្ងរ និងគ្រោះថ្នាក់
* ការរលាក់សសៃឈាម ខាងក្នុង និងភ្នាស់ក្នុងបេះដូង -ល-។

៣៖ចំពោះការផ្សុំាពោះវៀន
* មិនមានភាពច្បាស់លាស់
* ជាបច្ចេកទេសវេជ្ជសាស្ដ្រ មានភាពស្មុគស្មាញ (ពិបាក)
លក្ខខណ្ឌ
ដំបូងទី១៖ ទាល់តែអ្នកជំងឺនេះ ចៀសផុតពីកត្ដាប្រឈមដែលបានលើកឡើងខាងលើ ពិសេសការលេចធ្លាយទឹកប្រម៉ាត់

ទី២៖ បច្ចេកទេសនេះ គ្រួសារអ្នកជំងឺត្រូវពឹងលើបទេស (ថៃ) ទាំងស្រុង ព្រោះនៅស្រុកយើងមិនទាន់អាចធ្វើបាននៅឡើយទេ (ក្នុងករណីជំងឺធូរស្បើយដល់លក្ខណ្ឌដែលអាចធ្វើបាន)

សម្គាល់៖
* អ្នកជំងឺត្រូវតែស្ថិតក្រោមការតាមដានថែទាំវេជ្ជសាស្ដ្រជាប្រចាំ និងរហូត។
* ករណីអវិជ្ជមាន អាចកើតមានលើអ្នកជំងឺគ្រប់ពេល។

លោកសាស្ត្រាចារ្យ ឡឹម តារា បានសង្គត់ធ្ងន់ថា ទោះបីជាមានបញ្ហាប្រឈមដ៏លំបាកយ៉ាងណាក្តី ក៏ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត នៅតែខិតខំឲ្យអស់ពីលទ្ធភាពក្នុងការជួយព្យាបាលថែទាំអ្នកជំងឺជាប់ជាប្រចាំ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕