(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្ដម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន ខណៈដែលឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

តាមការប្រកាសរបស់ក្រសួងការបរទេស, លោក ប្រាក់ សុខុន នឹងមានជំនួបជាមួយលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន នឹងត្រូវលើកយកមកពិភាក្សា។

ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា និងសមាគមជប៉ុន-កម្ពុជា។ លោកក៏នឹងចូលរួមជាអធិបតីក្នុងពិធីជប់លៀងរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលរៀបចំឡើងនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងតូក្យូ ផងដែរ។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចរបស់ លោក ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ នឹងបន្តការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនូវទំនាក់ទំនងល្អប្រពៃ ដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងនាពេលថ្មីៗនេះ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ៕