(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋជាច្រើនរយនាក់នៅក្នុងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ទទួលបានការព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងទទួលការពិនិត្យ និងព្យាបាលជំងឺដោយក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តនេះផងដែរ។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុង ខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ពួកគេ។
ជំងឺរបស់ប្រជាពលរដ្ឋ ដែលទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ រួមមាន៖ ការវះកាត់, រោគស្រ្តី, ផ្តល់ជូនឱសថ, ឆ្លុះអេកូ, ថ្នាំទម្លាក់សត្វល្អិត, កម្មវិធីអប់រំសុខភាព, ផ្តល់ប្រឹក្សាភ្នែក និងផ្តល់ជូនវ៉ែនតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាល ដោយឥតគិតថ្លៃនាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ពួគាត់ ដោយបានបញ្ជូនក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។
ទន្ទឹមបានសេវាបាលព្យាបាលជំងឺ ដោយឥតគិតថ្លៃ លោកអភិបាលខេត្តស្ទឹងត្រែង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់លើសុខ ភាព ដោយត្រូវប្រកាន់ខ្ជាប់នូវអានាម័យខ្ពស់ ហើយត្រូវប្រកាន់ខ្ជាប់នូវស្មារតីហូមស្អាត ផឹកស្អាត និង រស់នៅស្អាត ដើម្បីចៀសវាងពីជំងឺតម្កាត់នានា។
លោកអភិបាលខេត្តបន្តថា ជំងឺ គឺជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុផ្សេងៗទៀត ដែលធ្វើឲ្យជីវភាពជួបការលំបាក ដូច្នេះការថែ ទាំសុខភាព ត្រូវតែគិតគូរ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់៕