(ក្រុងដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានឯកភាពគ្នាបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជុំទី៣ (CAM-UAE CEPA) នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងលោក Thani Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

ក្នុងជំនួបទ្វេភាគីនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងបង្ហាញពីលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កាលពីខែតុលា ឆ្នាំ២០២២ និងការវិវឌ្ឍទៅមុខនៃការចរចាបើកច្រក ទីផ្សារទំនិញ និងសេវាកម្ម នៅជុំទី២ ក្នុងខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាគីទាំងពីរបានខិតខំបំពេញតាមសំណើសុំ និងការផ្តល់ឱ្យ (Request and Offer) រវាងគ្នាទៅវិញទៅមក ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដ៏ប្រសើរមួយ សម្រាប់សហគមន៍ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និងសាធារណជន។

ក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរក៏ បានព្រមព្រៀងជាគោលការណ៍បញ្ចប់ ការចរចាជុំទី៣ ក្នុងប្រទេសអារ៉ាប់រួមនៅខែកុម្ភៈ ឆ្នាំ២០២៣ និងគម្រោងបញ្ចប់ជាផ្លូវការនៅខែមីនា នៅភ្នំពេញ ដែលពេលនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបើកច្រក់ទីផ្សារកាន់តែទូលាយ សម្រាប់ទំនិញ និងសេវាកម្ម ការបង្កើនលំហូរនៃការ វិនិយោគ ការបង្កើតការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យផ្សេងទៀត ព្រមទាំងផ្តល់ប្រយោជន៍ឱ្យគា្នទៅវិញទៅមកកាន់តែសម្បូរ។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានអបអរសាទររដ្ឋាភិបាលអេមីរ៉េតអារ៉ាប់រួម ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ របស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះការធ្វើជាម្ចាស់ផ្ទះនេះ និងជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាម្ចាស់ផ្ទះ អេមីរ៉េតអារ៉ាប់រួម នឹងជំរុញការដឹកនាំពាណិជ្ជកម្មសកលឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់តួនាទីដ៏សំខាន់នានាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើវិធានច្បាថាប់ជាមូលដ្ឋាន៕