(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីប្រកាសសមាសភាពក្រុមការងារ និងក្រុមគ្រូពេទ្យ ដើម្បីបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ (ដូសជំរុញ) ជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រគល់បណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ ជូនដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កន្លងមក។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេចស្ដីពីការចាត់តាំងសមាសភាពក្រុមការងារ និងក្រុមគ្រូពេទ្យ ដើម្បីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៦ ដែលជាដូសជំរុញ ជូនកងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជន នៅពេលដ៏ខ្លីខាងមុខនេះ ហើយបានអាននូវសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ស្ដីពីការផ្តល់បានបណ្ណសរសើរ និងលិខិតសរសើរ ជូនដល់អង្គភាពនិងបុគ្គល ចំនួន ៣២នាក់ ដែលមានស្នាដៃល្អឆ្នើម ក្នុងការបំពេញភារកិច្ចលើការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កន្លងមក​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងចាក់ជូនដល់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជននិងប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាមួយនោះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចមួយចំនួន ជូនដល់ក្រុមការងារ និងក្រុមគ្រូពេទ្យទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងមធ្យោបាយ និងសម្ភារៈបរិក្ខាពេទ្យ ដើម្បីបម្រើឲ្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៦ ដែលជាដូសជំរុញ និងការបំពេញឯកសារផ្សេងៗពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ ជូនដល់កងទ័ព គ្រួសារកងទ័ព និងបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំឲ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរផងដែរ៕