(កំពង់ធំ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញលោកគ្រូអ្នកគ្រូបង្កើននូវសមត្ថភាពរបស់ខ្លួន ទៅលើផ្នែកភាសា ដើម្បីដើរឱ្យទាន់សម័យបច្ចេកវិទ្យាឌីថល។

លោក ពេជ សោភ័ន បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំចំនួន៨០នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោក ពុក ប៉ាន់ លោក ឡៅ ហ៊ីម លោកប្រធាន អនុប្រធានមន្ទីរ លោកនាយក នាយករង ព្រមទាំងលោកគ្រូអ្នកគ្រូ ផងដែរ។

លោកបន្តថា គណៈគ្រប់គ្រងសាលាត្រូវធ្វើយ៉ាងណាបង្កើតនូវសមត្ថភាពគ្រប់គ្រងឲ្យបានលិតល្អន់ពីព្រោះសម័យនេះ គឺជាសម័យឌីជីថលសម័យព័ត៌មានវិទ្យា ដែលទាមទារឲ្យការគ្រប់គ្រងត្រូវមានភាពវ័យឆ្លាត និងសមត្ថភាពខ្ពស់ លោកគ្រូអ្នកគ្រូត្រូវមានគុណវឌ្ឍ និងសមត្ថភាពគ្រប់គ្រាន់ដែលបូករួមបញ្ចូលទាំងការតស៊ូព្យាយាមខិតខំប្រឹងប្រែងការលើកទឹកចិត្ត ការសិក្សាស្រាវជ្រាវដើម្បីបង្កើននូវចំណេះដឹងស្នូលរបស់ខ្លួនដោយបូករួមបញ្ចូលទៅការអភិវឌ្ឍខ្លួនឯងដោយផ្ដោតទៅលើគោលការណ៍ធំៗចំនួន៤ ទី ១ ផ្លាស់ប្ដូរការគិតទី២ ផ្លាស់ប្ដូរផ្នត់គំនិត ទី ៣ ផ្លាស់ប្ដូរចរិត ទី ៤ ផ្លាស់ប្ដូរទម្លាប់ទាំងនេះគឺជាគោលដៅស្នូលនៃការផ្លាស់ប្ដូរខ្លួនឯង។

លោកបន្តទៀតថា លោកគ្រូអ្នកគ្រូត្រូវមានគំនិតច្នៃប្រឌិតវាងវៃការគ្រប់គ្រងប្រកបដោយគុណភាពប្រកបដោយការអភិវឌ្ឍន៍ បានត្រឹមត្រូវទើបវិទ្យាស្ថាននេះមានការរីកចម្រើន ផ្ដើមឡើងចេញពីសេចក្តីស្រឡាញ់ប្រសិនបើយើងមិនមានសេចក្តីស្រឡាញ់ទេការបំពេញការងាររបស់ក្មួយៗប្អូនៗដែលជាសាស្ត្រាចារ្យគឺមិនបានគ្រប់ជ្រុងជ្រោយទេ។ លោកបានក្រើនរំលឹកដល់សាស្ត្រាចារ្យទាំងអស់ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងនិងបង្កើតនូវចំណេះដឹងជំនាញការអភិវឌ្ឍបុគ្គលិកលក្ខណៈប្រកបដោយសេចក្តីថ្លៃថ្នូរ ដើម្បីធ្វើខ្លួនជាមនុស្សគំរូនិងជាអ្នកផ្ទេរចំណេះដឹងប្រកប្រកបដោយសក្តានុពលភាពដល់ប្អូនៗនិស្សិតជំនាន់ក្រោយ។

ក្រោយពីបញ្ចប់ការសំណេះសំណាលលោក ពេជ សោភ័ន និងក្រុមការងារបានចុះត្រួតពិនិត្យការសាងសង់អគារថ្មីដែលទើបចាប់ដំណើរការសាងសង់ដើម្បីឲ្យវិទ្យាស្ថានមានអគារសិក្សាបានល្អប្រសើរផងដែរ។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសបានលើកឡើងថាពីដំបូងឡើយមជ្ឈមណ្ឌលនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជននិងកីឡារហូតដល់ឆ្នាំ ២០០៥ មជ្ឈមណ្ឌលបានប្ដូរទៅនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈវិញហើយ វិទ្យាស្ថាននេះមានផ្ទៃដីសរុបចំនួន ២០៦៤០ ម៉ែត្រការ៉េនិងមានរបងបេតុងព័ទ្ធជុំវិញប្រវែង ៥៨៧ម ហើយមានអគារសរុបចំនួន ៧ ខ្នងដែលក្នុងនោះអាគារថ្មីចំនួន ៥ ខ្នងដែលកសាងឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីនិងអាគារឈើចាស់ចំនួន ២ខ្នងដែលសល់ពីអតីតសាលាបំពេញវិជ្ជាខេត្ត ហើយនៅពេលនេះដោយមានការចង្អុលបង្ហាញពីសំណាក់បណ្ឌិត លោក ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការ ទើបវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំទទួលបាននូវការសាងសង់អគារថ្មីដែលមានទំហំ៤៨ម× ៤៨ម កម្ពស់ ៥ជាន់ដែលកំពុងបុកគ្រឹះសាងសង់នៅថ្ងៃទី០៩ ខែតុលាឆ្នាំ ២០២២ និងសាងសង់រួចរាល់នៅថ្ងៃទី ០៩ ខែតុលាឆ្នាំ ២០២៣ ដោយចំណាយថវិកាសាងសង់និងបំពាក់គ្រឿងបរិក្ខារជាថវិការបស់រដ្ឋហើយអាគារនេះមានឈ្មោះថា «តេជោសែនបច្ចេកវិទ្យាឌីជីថល»៕