(កណ្តាល)៖ ប្លង់រឹងដែលជាការចាំបាច់ចង់បានបំផុតរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានប្រគល់ជូនពួកគាត់រួចរាល់ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលប្លង់មានសរុប១,៦៦៨ បានត្រូវបានប្រគល់ជូនដល់ ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិតាឡៃ និងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល។

លោក គង់ សោសោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

លោកអភិបាលខេត្តបន្ថែមថា ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានយក ចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ចូលរួមសហការគ្នាជាមួយមន្ត្រីចុះបញ្ជី អនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក៏ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំពុះពាររាល់ការលំបាក រហូតឈានដល់ការចែកប័ណ្ណជូនប្រជាជនរដ្ឋនាពេលនេះ ហើយសកម្មភាពរបស់ អស់លោក លោកស្រី ក៏ជាការរួម ចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី។

ថ្លែងក្នុងពិធីនេះ លោក សុខ កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះ រដ្ឋបាលខេត្ត បានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៣ លើកស្មើ នឹង២,៦៥០,៩៤៥បណ្ណ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ ជូនប្រជាពលរដ្ឋមកពីក្នុងភូមិព្រែកតាឡៃ និងភូមិព្រែកអំបិល ស្រុកស្អាង សរុបចំនួន១,៦៦៨បណ្ណ៕