(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៨៦គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ៣២៥គ្រឿង និងរថយន្ត ៦១គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៤,៧៧៨គ្រឿង ក្នុងនោះមានម៉ូតូ ៤,១៧០គ្រឿង និងរថយន្តគ្រប់ប្រភេទ ៦០៨គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ទូរស័ព្ទ ល្មើសសញ្ញា និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ ឆៀក ល្បឿន ទូរស័ព្ទ អាជីវកម្ម ស្រវឹង អត់ប័ណ្ណបើកបរ និងល្មើសសញ្ញាជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៨លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ១០នាក់ (របួសធ្ងន់ ចំនួន ០៦នាក់)។ រយៈពេល ១៩ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៥៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៣នាក់ របួស ១៨៣នាក់ (របួសធ្ងន់ ១២២នាក់)៕