(ភ្នំពេញ)៖ ផ្តើមចេញពីការបំផុសគំនិតយុវជនឲ្យមានទំនាក់ទំនងល្អរវាងអតីតសិស្ស និងសិស្សបច្ចុប្បន្ន ក៏ដូចជាយុវជននៅក្នុងមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍសង្គម និងជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយៗទៀត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ក្រុមអតីតសិស្សព្រែកកំពឹស រួមជាមួយយុវជនសហភាពសហព័ន្ធសង្កាត់ព្រែកកំពឹស រួមជាមួយលោក ប្រាជ្ញ សីហា អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ បាននាំយកស៊ីម៉ង់តិ៍ ចំនួន ១០តោន និងបច្ច័យ ៨លាន ៨ម៉ឺនរៀល ប្រគេនដល់វត្តព្រែកថ្លឹង សម្រាប់កសាងព្រះវិហារ ដែលបច្ចុប្បន្នកំពុងដំណេីរការសាងសង់។
ជាមួយគ្នានោះ លោក មែ សីុថន ជំនួយការលោក ហ៊ុន ម៉ាណែត ក៏បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី រួមមានថវិកា ២លានរៀល សម្រាប់ចូលរួមការកសាងសមិទ្ធិផលវត្តព្រែកថ្លឹង ផ្តល់ជូនលោកយាយលោកតាចំនួន៦០នាក់ ម្នាក់ៗក្រមា១ និងថវិកា ១០,០០០រៀល ផ្តល់ជូនសាលាសង្កាត់ព្រែកកំពឹស វិទ្យុទាក់ទង ចំនួន០៦គ្រឿង ឯកសណ្ឋានប្រជាការពារ ចំនួន ៤០កំប្លេ។
ជាមួយនឹងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ប្រគេននិងជូនចំពោះ ព្រះសង្ឃ លោកយាយលោកតា ប្រជាពលរដ្ឋ និងយុវជននៅក្នុងមូលដ្ឋាននេះ លោក មែ សីុថន បានលើកឡើងថា៖ ក្រោមឥទ្ធិពលនៃសុខសន្តិភាពផ្តេីមចេញពីការតស៊ូរបស់យុវជនសម័យមុន ពោល គឺសម័យតស៊ូរំដោះជាតិមាតុភូមិពីភ្លេីង ពិតជាបានធ្វេីឲ្យយុវជនសម័យនេះ ទទួលនូវឱកាសជាច្រើនក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។
នេះមានន័យថាយុវជនជំនាន់មុនបានផ្សាភ្ជាប់និងការតស៊ូដើម្បីបន្សល់នូវស្នាដៃជាច្រើនទុកឲ្យយុវជនជំនាន់នេះ ហើយយុវជនជំនាន់នេះផ្សាភ្ជាប់និងការអភិវឌ្ឍដើម្បីជាប្រយោជន៍ដល់ជាតិ និងសម្រាប់យុវជនជំនាន់ក្រោយទៀត។
លោក ប្រាជ សីហា បានវាយតម្លៃខ្ពស់ចំពោះស្មារតីរួបរួមគ្នានិងការចូលរួមរបស់អតីតសិស្សព្រែកកំពឹស ក្នុងការចូលរួមអភិវឌ្ឍសង្គមជាពិសេសការអភិវឌ្ឍនៅក្នុងមូលដ្ឋានផ្ទាល់ខ្លួន ដែលនេះ គឺជាឱកាសរបស់យុវជនជំនាន់នេះ។
លោកបន្តថាដើម្បីជោគជ័យផ្ទាល់ខ្លួន យុវជនត្រូវតែបណ្តុះគំនិតខិតខំប្រឹងប្រែងតស៊ូ រៀនសូត្រនៅក្នុងជីវិត។
លោក អភិបាលរងខណ្ឌ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមអប់រំកូនចៅឲ្យចាកឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗ
ព្រះចៅអធិការវត្តព្រែកថ្លឹងបានគោរពថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ក្រុមអតីតសិស្សព្រែកកំពឹស អជ្ញាធរដែនដី និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលមានសទ្ធាជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនាចូលរួមកសាងព្រះវិហារ នៅក្នុងទីអារាមនេះដើម្បីជាប្រយោជន៍ពុទ្ធបរិស័ទ្ធធ្វើបុណ្យទាននៅទីនេះ៕