(ភ្នំពេញ)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាងធិការ និងអនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ាផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក ប៊ុន​ ហុន បានបញ្ជាក់ថា ព្រះរាជ្យក្រឹត្យស្តីពីគោរមងារឧកញ៉ា មានភាពចាំបាច់ចំពោះជាតិគឺ ដើម្បីធានាបាននូវការរក្សាកេរ្តិ៍ឈ្មោះដល់បុគ្គលដែលជួយដល់ជាតិ និងធានានូវតម្លៃនៃការប្រើប្រាស់មុខងារ ពិសេសធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយដល់អ្នកប្រើប្រាស់។

លោក ប៊ុន ហុន បានថ្លែងដូចនេះថា «ព្រះរាជ្យក្រឹត្យនេះមានភាពចាំបាច់ចំពោះជាតិគឺទី១៖ ដើម្បីធានាបាននូវការរក្សាកេរ្តិ៍ឈ្មោះដល់បុគ្គលដែលជួយដល់ជាតិ និងទី២៖ ធានានូវតម្លៃនៃការប្រើប្រាស់មុខងារ ពិសេសធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយដល់អ្នកប្រើប្រាស់ ហេតុដូចនេះហើយបានជារាជរដ្ឋាភិបាលណែនាំឱ្យមានការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ានេះឡើង»

បន្ថែមពីនេះ លោក ប៊ុន ហុន បានបញ្ជាក់ទៀតថា កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ានេះ កន្លងមកបានបើកកិច្ចប្រជុំពិនិត្យ និងភាក្សាជាច្រើនលើករួចមកហើយ ការប្រជុំនេះអង្គប្រជុំបានបន្តពិនិត្យពិភាក្សាទៅលើឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ បន្តោងខ្សែក និងខ្សែក្រវ៉ាត់សម្រាប់គោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ា នៃកម្ពុជា។

ជាមួយគ្នានោះដែរប្រធានក្រុមការងារអន្តរក្រសួងក្រសួងមហាផ្ទៃរូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានជួយជ្រោមជ្រែង ក្នុងការរៀបចំនូវឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ាផងដែរ។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ដែលកំពុងដំណើរការពិនិត្យពិភាក្សានេះមាន ១០ជំពូក និង ២៦មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕