(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីសប្បុរសធម៌ និងសំណេះសំណាលជាមួយ កុមារកំព្រា និងមានពិការភាពនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។

នាឱកាសសំណេះសំណាលនេះដែរ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ ចិត្ត ក្នុងការបង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស ឲ្យទទួលបានការអប់រំ។

លោកបានគូសបញ្ជាក់ថា ការរីកលូតលាស់នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ ពិតណាស់បានមកពីការចូលរួមពីរាជរដ្ឋាភិបាល សប្បុរសជន លោកគ្រូ អ្នកគ្រូ ក្នុងគោលបំណងរួម គឺដើម្បីកសាងធនធានមនុស្ស ជាពិសេសគិតគូរអំពីអនាគតប្អូនៗដែលមានវិការភាពនៅកម្ពុជាតែម្តង។

ទន្ទឹមនឹងនេះ លោកបានលើកឡើងថា នៅខែកក្កដា ខាងមុខនេះ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងកើតមានឡើងក្រោមភាពជាម្ចាស់ផ្ទះរបស់កម្ពុជា។ ក្នុងឱកាសនេះដែរ លោកបានគូសបញ្ជាក់ថា ទោះបីជាប្អូនៗ មិនអាចចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដោយផ្ទាល់ក្តី តែកម្មវិធីរបស់យុទ្ធនាការ Beyond the game នាថ្ងៃនេះគឺមានគោលបំណងនាំមកនូវស្មារតីរួមគ្នានៃការគាំទ្រជូនទៅដល់ប្អូនៗ។ ហើយការគាំទ្រព្រឹត្តិការណ៍នេះ គឺជាភាសាបេះដូងដ៏មានអត្ថន័យបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។

សូមជម្រាបថា គោលបំណងនៃពិធីសំណេះសំណាល នេះគឺដើម្បីផ្តល់សេចក្តីស្រលាញ់ជូនទៅដល់កុមារា កុមារី សិស្សានុសិស្សដែលរស់នៅ និងសិក្សានៅវិទ្យល័យអប់រំពិសេសភ្នំពេញថ្មី។ កម្មវិធីសប្បុរសធម៌នេះក៏បានឆ្លុះបង្ហាញអំពីស្មារតីលើសពីការប្រកួត តាមរយៈការឲ្យតម្លៃ និងផ្តល់សារៈសំខាន់ទៅកាន់ស្រទាប់ផ្សេងៗនៃសង្គមជាពិសេសលើប្អូនៗដែលមានពិការភាព និងតម្រូវការពិសេសដូចជាសិស្សានុសិស្សនៅក្នុងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។

ក្នុងពិធីនេះក៏មានការចូលរួមពី លោក សុខ សប្បាយណា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងជាប្រធានប្រតិបត្តិយុទ្ធនាការ #BeyondThegames, លោកស្រី នាង ផល្លា ប្រធានគណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងចូលរួមពីលោក លោកស្រី សមាជិក សមាជិកាគណៈគ្រប់គ្រង និងបុគ្គលិក វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីប្អូនៗ KOLs (Key Opinion Leaders) និងក្រុមការងារយុទ្ធនាការ Beyond The Games៕