(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ទោះបីជាទទួលបានការបណ្ដុះបណ្ដាល នៅក្នុងប្រទេស ឬនៅក្រៅប្រទេសយ៉ាងណាក្ដី ត្រូវតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ សុខាភិបាល ហើយគិតអាយុជីវិតមនុស្សជាធំ។
ការផ្ដាំផ្ញើបែបនេះ របស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Intercare នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំផ្ញើ សូមឲ្យក្រុមគ្រូពេទ្យរបស់យើង ទោះបីជាទទួលបានការបណ្ដុះបណ្ដាល នៅក្នុងប្រទេសក្ដី ឬនៅក្រៅប្រទេសក្ដី សូមឲ្យអនុវត្ដឲ្យបានត្រឹមត្រូវ នូវក្រមសីលធម៌ វិជ្ជាជីវៈ សុខាភិបាល គិតពីអាយុជីវិតមនុស្សជាធំ»។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងផងដែរថា ជាទូទៅបើនិយាយអំពីមន្ទីរពេទ្យឯកជន គឺមិនឥតគិតថ្លៃនោះទេ គឺចាំបាច់អ្នកប្រើប្រាស់សេវា ត្រូវតែបង់ថ្លៃសេវា ទៅតាមការកំណត់ របស់មន្ទីរពេទ្យនោះ ឬសេវានោះ។ ដោយឡែក មន្ទីរពេទ្យរដ្ឋ អាចមានការលើកលែងបង់ថ្លៃ ដោយប្រើប្រាស់មូលនិធិសមធម៌ សម្រាប់ប្រជាពលក្រីក្រ របស់រាជរដ្ឋាភិបាល។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ឲ្យដឹងដែរថា មានមតិមួយចំនួន បានលើកឡើងថា ចង់ឲ្យក្រសួងសុខាភិបាល កំណត់តម្លៃ ហើយជុំវិញការកំណត់តម្លៃនេះ ក្រសួងសុខាភិបាល មិនអាចកំណត់តម្លៃបានទេ ព្រោះថា នេះគឺជាទីផ្សាសេរី ហើយការវិនិយោគ និងការចាត់ចែងសេវា គឺវាខុសៗគ្នា ដូច្នេះមិនអាចកំណត់តម្លៃបានឡើយ។
ទន្ទឹមគ្នានេះ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា អ្វីដែលជាការគិតគូរ របស់ក្រសួងសុខាភិបាល គឺសុំឲ្យមន្ទីរពេទ្យ-គ្លីនិកទាំងនោះ ត្រូវមានតារាងតម្លៃ ដើម្បីជៀសវាងនូវការកើតឡើងបញ្ហាណាមួយ ពេលអ្នកជំងឺបានប្រើប្រាស់សេវា របស់មន្ទីរពេទ្យ-គ្លីនិក នោះរួចហើយ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា កាលណាអ្នកជំងឺ មកប្រើប្រាស់សេវា ចាំបាច់ណាស់ មន្ទីរពេទ្យ-គ្លីនិក ដែលបម្រើសេវាព្យាបាល ត្រូវតែប្រាប់តម្លៃ នៃថ្លៃសេវាទៅដល់អ្នកជំងឺឲ្យបានដឹងមុន ឬមានតារាងតម្លៃ ដើម្បីឲ្យអ្នកប្រើប្រាស់មានសិទ្ធិសម្រេចថា ប្រើប្រាស់សេវាមួយណា ដោយមិនមានការចាប់បង្ខំ។
លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងផងដែរថា បច្ចុប្បន្ន ក្រសួងសុខាភិបាល កំពុងតែខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យមានជម្រើសច្រើន ពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល សម្រេចចិត្ដ មកប្រើប្រាស់សេវានោះ៕