(កំពង់ធំ)៖ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្តកំពង់ធំ និងមន្ត្រីការិយាល័យ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺអុតក្តាមគោក្របីជូនកសិករនៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

យុទ្ធនាការនេះមានកាចូលរួមកិច្ចសហការពីលោក ឡង គីសឹង អភិបាលស្រុកសន្ទុក ព្រមទាំងមន្រ្តីការិយាល័យកសិកម្ម​ធនធានធម្មជាតិ និងបរិស្ថានស្រុកសន្ទុកដែលទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន។

លោក ឡង គីសឹង បានលើកឡើងពីសារៈសំខាន់បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺអុតក្តាមគោក្របីនេះផងដែរ ក្រុមការងារសង្កេតឃើញថា ប្រជាកសិករមានការយល់ដឹង និងបានចូលរួមយ៉ាងសស្រាក់សស្រាំដោយនាំយកសត្វចិញ្ចឹមរបស់ខ្លួន (គោក្របី) មកចាក់វ៉ាក់សាំងការពារជំងឺនេះ។

លោក ចាន់ បញ្ញាវ័ន្ត បានរាយការណ៍ពីលទ្ធផលក្រុមការងារសម្រេចចាក់បានចំនួនសត្វសរុប២០០ក្បាល។ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលបានផ្តល់ជូននូវសម្ភារៈបរិក្ខាបសុពេទ្យ ថ្នាំព្យាបាល និងវ៉ាក់សាំងអុតក្តាមមួយចំនួនដល់មន្ត្រីកសិកម្មស្រុក ជាពិសេសភ្នាក់ងារសុខភាពសត្វភូមិជួយចុះអន្តរាគមន៍បន្តជូនកសិករក្នុងមូលដ្ឋានរបស់ពួកគាត់។

គួរបញ្ជាក់ថា សម្រាប់ក្រុមការងារក៏បានបន្តចុះធ្វើជីវសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគក្នុងសត្តឃាតដ្ឋានស្រុកសន្ទុកផងដែរ ដើម្បីការពារកុំឱ្យឆ្លងជំងឺផ្សេងៗទៅដល់សត្វដទៃទៀតនៅក្នុងមូលដ្ឋាន៕