(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ប៉ែន ចន្នី ព្រមទាំងបុត្រ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបុណ្យដង្ហែ អង្គការប្រាក់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងវត្តត្រពាំងវែងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នៅចំពោះមុខប្រជាពុទ្ធបរិស័ទជាច្រើននាក់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រកាសថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសហើយ ទោះបីក្នុងតម្លៃណាក៏ដោយ យើងមិនបណ្តែតបណ្តោយ ឲ្យនរណាម្នាក់មកបំផ្លាញដល់សុខសន្តិភាព សន្តិសុខសង្គម និងសមិទ្ធផលដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជានាពេលនេះបាននោះឡើយ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា «សន្តិភាពដែលមានសព្វថ្ងៃបានមកដោយការលំបាកតស៊ូច្រើនទស្សវត្ស ប្តូរអាយុជីវិតអ្នកស្នេហាជាតិជាច្រើនរូប។ ដោយសារប្រទេសជាតិមាន សុខសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានអ្វីៗដូចសព្វថ្ងៃនេះ។ មានសម្តេចតេជោ គឺមានសុខសន្តិភាព មានសម្តេចតេជោ គឺមានការអភិវឌ្ឍន៍»។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង ក៏បានអំពាវនាវដល់មន្ត្រីអាជ្ញាធរដែនដី ព្រះសង្ឃ និងពុទ្ធបរិស័ទប្រជាពលរដ្ឋនៅក្នុងឃុំព្រៈនិពាន្វទាំងអស់ បន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម អភិវឌ្ឍន៍ជាតិ និងបន្តគាំទ្របេក្ខភាពរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៧ និងនៅអាណត្តិជាបន្តបន្ទាប់ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា នាពេលអនាគត ដើម្បីដឹកនាំ ប្រទេសធ្វើការអភិវឌ្ឍឱ្យរីកចម្រើនបន្តទៅមុខទៀត។
នៅក្នុងឱកាស នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានដង្ហើរអង្គការប្រាក់ចូលបច្ច័យ ២០០លានរៀល និងបានប្រគេនបច្ច័យព្រៈសង្ឃក្នុងវត្ត ព្រមទាំងចែកជូនក្រណាត់ស និងថវិកា ដល់លោកតាលោកយាយប្រជាពលរដ្ឋ ជាច្រើនរូបទៀត៕