(ភ្នំពេញ)៖ ដើម្បីត្រៀមលក្ខណៈក្នុងការទទួលនិងផ្ដល់សេវាកម្មជូនភ្ញៀវទេសចរក្នុងពេលរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម អាជ្ញាធររាជធានីភ្នំពេញបានណែនាំឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជាអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន អាជីវកម្មស្នាក់នៅ និងអាជីវកម្មកម្សាន្តមនុស្សពេញវ័យ ត្រូវពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋាគារ និងអនាម័យឱ្យកាន់តែប្រសើរចាប់ពីពេលនេះទៅ។

ការណែនាំនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយវិស័យឯកជន ដើម្បីពង្រឹងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងទីផ្សារកសិផលនៅរាជធានីភ្នំពេញ នៅភោជនីយដ្ឋាន The Grand Terrace នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

នាឱកាសនោះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន អាជីវកម្មស្នាក់នៅ និងអាជីវកម្មកម្សាន្តមនុស្សពេញវ័យត្រូវយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីសុវត្ថិភាពខ្លួនឯងផង និងសុខមាលភាពសាធារណៈផង។

លោកបានថ្លែងថា កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខ ដល់ពេលនោះ កីឡាករ-កីឡាការនី គ្រូបង្វឹក គណៈកម្មការ រួមជាមួយអ្នកអមដំណើរ និងអ្នកចូលរួមទស្សនារាប់លាននាក់នឹងមកស្នាក់នៅ ហូបចុក និងចូលកម្សាន្តក្នុងរាជធានីភ្នំពេញយ៉ាងច្រើន។ ដូច្នេះហើយ គ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋាគារ និងអនាម័យឱ្យកាន់តែប្រសើរចាប់ពីពេលនេះទៅ។

លោកអភិបាលរង ហួត ហៃ បានគូសបញ្ជាក់ថា ការបង្កើនគុណភាពសេវាកម្មខាងលើនេះ ក៏ជួយលើកស្ទួយមុខមាត់ប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ស៉ីហ្គេម។

លោកក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់លើបញ្ហាសំរាមតាមការណែនាំ គឺត្រូវទុកដាក់វេចខ្ចប់ឱ្យបានត្រឹមត្រូវ និងបញ្ចេញតាមម៉ោងពេលដែលបានកំណត់។ លោកថា សំរាមត្រូវញែកជា២ គឺសំរាមសើម គឺសំដៅលើសំរាមចេញពីផ្ទះបាយ កាកសំណល់ម្ហូបអាហារ ដែលត្រូវទុកដាក់វេចខ្ចប់នៅក្នុងថង់ពណ៌ខ្មៅ និងសំរាមស្ងួត ដែលត្រូវទុកដាក់ក្នុងនៅថង់ពណ៌ស។

ទន្ទឹងនឹងនោះ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធទេសចរណ៍និងបដិសណ្ឋារកិច្ចកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន សមាគមកំពុងបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីអនាម័យ សុវត្ថិភាពចំណីអាហារ (មានបន្លែ ផ្លែឈើ ត្រី សាច់...) និងឯកសារពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ គណៈកម្មការបង្ក្រាបផលិតផលក្លែងក្លាយ។ល។ លោកបានសំណូមពរឱ្យមានការអនុវត្តបែបនេះឱ្យបានទូលំទូលាយ និងបានស៊ីជម្រៅ។

លោក ឡី សុភាព ក៏បានជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈសុវត្ថិភាពម្ហូបអាហារ-ភេសជ្ជៈ សេវាកម្មបដិសណ្ឋារកិច្ច និងសេវាស្នាក់នៅផងដែរ ដើម្បីជំរុញការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋាគារ និងអនាម័យឱ្យកាន់តែប្រសើរ និងត្រៀមលក្ខណៈក្នុងការទទួលនិងផ្ដល់សេវាកម្មជូនភ្ញៀវទេសចរក្នុងពេលរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម៕