(ភ្នំពេញ)៖ ភ្នែក គឺជាសរីរាង្គដ៏មានសារៈសំខាន់សម្រាប់ការរស់នៅ ប្រចាំថ្ងៃរបស់មនុស្ស ដែលទាមទារឱ្យយកចិត្តទុកដាក់ថែទាំ និងមានការ ពិនិត្យឱ្យបានទៀងទាត់ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ ជាពិសេសសម្រាប់កុមារ។
វេជ្ជបណ្ឌិតឯកទេសភ្នែកមកពីប្រទេសជប៉ុន បានផ្តល់អានុសាសន៍ឱ្យពិនិត្យ ភ្នែកបានទៀងទាត់ ដើម្បីឱ្យភ្នែកមានសុខភាពល្អ និងបញ្ចៀសបញ្ហាធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត Manabe គ្រូពេទ្យជនជាតិជប៉ុន ដែលបម្រើការងារនៅ មន្ទីរពេទ្យភ្នែកជប៉ុន (Japan Eye Hospital Cambodia) បានលើក ឡើងថា «វាជារឿងសំខាន់ក្នុងការពិនិត្យ ភ្នែកជាប្រចាំឱ្យបានទៀងទាត់ ដោយមិនគិតអំពីពេល ដែលភ្នែករបស់អ្នកចុះ ខ្សោយ ឬទាល់តែពេលមាន ការប៉ះទង្គិច»។
លោកវេជ្ជបណ្ឌិត បានចែករំលែកបទពិសោធន៍នៅក្នុងប្រទេសជប៉ុនថា កុមារនៅប្រទេសជប៉ុន ត្រូវបានយកចិត្តទុកដាក់ខ្ពស់លើសុខភាពភ្នែក។ កុមារក្នុងប្រទេសជប៉ុន ត្រូវពិនិត្យភ្នែករបស់ពួកគេនៅសាលារៀន ជារៀងរាល់៤ខែម្តង ហើយកំណត់ត្រាវេជ្ជសាស្រ្ត ត្រូវបានរក្សាទុក ដើម្បីពិនិត្យមើលការប្រែប្រួល ណាមួយនៅថ្ងៃខាងមុខ។
លោកវេជ្ជបណ្ឌិត Manabe ក៏បានលើកឡើងដែរថា សម្រាប់មនុស្សពេញវ័យ វាជារឿងសំខាន់ក្នុងការថែរក្សាសុខភាពឱ្យបានល្អ និងកាត់បន្ថយហានិភ័យនាពេលអនាគតដោយ ធ្វើការពិនិត្យសុខភាពភ្នែក ម្តងក្នុងមួយឆ្នាំ។ ជាពិសេសចំពោះអ្នកមានអាយុលើសពី ៥០ឆ្នាំ អត្រាកើតជំងឺភ្នែកទាក់ទងនឹងអាយុ មានការកើនឡើង។ លោកវេជ្ជបណ្ឌិត បានណែនាំឱ្យពិនិត្យទៅលើបាតភ្នែក (Fundus) ផងដែរ។
លោកវេជ្ជបណ្ឌិតជនជាតិជប៉ុន បានលើកឡើងទៀតថា ការពិនិត្យភ្នែកឱ្យ បានត្រឹមត្រូវ គឺពិតជាចាំបាច់ណស់មុនពេលទទួលលការវះកាត់ភ្នែក ផ្សេងៗ។ ដោយផ្អែកលើលទ្ធផលដែលបានមកពីការពិនិត្យនោះ វេជ្ជបណ្ឌិតឯកទេស នឹងងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ និងបង្កើតផែនការក្នុងការព្យាបាលឱ្យបានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត បានផ្ដល់មតិយោបល់ថា ការពិនិត្យ និងតាមដានគំហើញ នៃភ្នែករបស់កុមារ គឺមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះលោកវេជ្ជបណ្ឌិត អំពាវនាវឱ្យមាតាបិតាទាំងអស់នាំបុត្រធីតាពិនិត្យភ្នែក និងពិនិត្យគំហើញ របស់ពួកគេឱ្យបានទៀងទាត់ ហើយត្រូវការពារទៅលើភ្នែកម្ញូបកុមារឱ្យ បានម្ម៉ត់ចត់។
សម្រាប់លោកវេជ្ជបណ្ឌិត ការរកឃើញបញ្ហាភ្នែកនានា បានរហ័ស និងត្រឹមត្រូវ អាចជួយឱ្យទទួលបានការការពារ និងការព្យាបាលបញ្ហាភ្នែក និងជំងឺនានា បានទាន់ពេលវេលា ដើម្បីរក្សាបាននូវគុណភាពនៃជីវិតឱ្យមាន ផាសុកភាព។ ដូច្នេះការដោះស្រាយបញ្ហាភ្នែករបស់ប្រជាពលរដ្ឋកម្ពុជា គឺជាបេសកកម្ម ដ៏ពិសេសមួយសម្រាប់ថ្នាក់ដឹកនាំមន្ទីរពេទ្យភ្នែករបស់ជប៉ុន ដែលកំពុងមានវត្តមាននៅកម្ពុជា។
លោកវេជ្ជបណ្ឌិត Manabe មានឯកទេសវះកាត់ភ្នែកឡើងបាយ។ ជាមធ្យមលោកវះកាត់ជំងឺភ្នែកឡើងបាយប្រហែល ៧០០ករណី ក្នុងមួយឆ្នាំនៃមន្ទីរពេទ្យចំនួន៣ផ្សេងៗគ្នា ដែលលោកបានបម្រើការងារ។
លោកវេជ្ជបណ្ឌិត Manabe បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ វេជ្ជសាស្ត្រ របស់ជប៉ុនក្នុងឆ្នាំ១៩៨៦ ជាមួយនិក្ខេបបទថ្នាក់បណ្ឌិត ស្តីពីឡាស៊ែរ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Saitama ក្នុងឆ្នាំ ១៩៩០ លោកបានចូលបម្រើការនៅមន្ទីរពេទ្យជាច្រើនក្នុងប្រទេសជប៉ុន មានដូចជា Maruyama Memorial General Hospital, Hatakeyama Eye Clinic, Kurihara Eye Clinic និង St. Luke's International Hospital ហើយបានបើកគ្លីនិកឯកជនខ្លួនឯងនៅ Takamatsu ខេត្ត Kagawa ផងដែរ។
លុះដល់ឆ្នាំ២០១៤ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងតំបន់ នៅសាកលវិទ្យាល័យ Kagawa និងបានទទួល MBA ផងដែរ។ បច្ចុប្បន្ននេះ លោកជាសាស្ត្រាចារ្យក្រៅម៉ោងនៅសាកលវិទ្យាល័យវេជ្ជ សាស្ត្រ Saitama និងជានាយកនៃសមាគមន៍វះកាត់ជំងឺភ្នែកឡើងបាយ និងកែតម្រូវគំហើញភ្នែក នៃប្រទេសជប៉ុន។
លោកវេជ្ជបណ្ឌិត Manabe នឹងអញ្ជើញមកប្រទេសកម្ពុជា ដើម្បីពិនិត្យបញ្ហាភ្នែកនៅមន្ទីរពេទ្យភ្នែកជប៉ុន ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣៕