(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលCPP ដែលជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្តាលស្ទឹង បានលើកឡើងអំពីការសម្រេចសមិទ្ធផលនានា ក្រោមការដឹកនាំរបស់CPP។ លោកថា ៣៧ឆ្នាំ ក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ។
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សប្រជាជនប្រមាណ៣០០០នាក់ នៅឱកាសប្រារព្វពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោកនាយឧត្តមសេនីយ៍ បានអះអាងថា សមិទ្ធផលទាំងនោះបានកើតចេញអំពីការជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា របស់គណបក្សប្រជាជនកម្ពុជា។
លោកថា «៣៧ឆ្នាំមកនេះ បន្ទាប់ពីថ្ងៃជ័យជំនះ៧មករា ដោយឈរយ៉ាងរឹងមាំលើគោលការណ៍ ប្រជាធិបតេយ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជម្នះរាល់ឧបសគ្គនិងការលំបាកយ៉ាងច្រើនឥតគណនាសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត ដែលបាននាំប្រជាជាតិឱ្យចេញផុតពីស្រមោលនៃអតីតកាលដ៍ឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់នៅលើមាគា៌ សន្តិភាពប្រជាធិបតេយ្យនិងអភិវឌ្ឍន៍ប្រកបដោយមោទនៈភាពនិងភាពជឿជាក់»។
លោក ហ៊ីង ប៊ុនហៀង បានបន្ថែមទៀតថា «រាល់សមិទ្ធផលនានាដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានទាំងនេះ គឺអាស្រ័យដោយគណបក្សមានការដឹកនាំត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពមានការគាំទ្រដ៏ទូលំទូលាយពីប្រជាជន មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធនធានមនុស្សគណបក្សមានច្រើនកុះករប្រកបដោយគុណធម៌សមត្ថភាព និងមនសិការទទួលខុសត្រូវនិងមានសាមគ្គីភាពឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ»។
ទោះជាយ៉ាងនេះក្តី លោកថា គណបក្សប្រជាជនកម្ពុជានឹងបន្តជំរុញកំណែទម្រង់លើវិស័យ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយប្តេជ្ញាចិត្តខ្ពស់ សំដៅធានាការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារជូនប្រជាពលរដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម និងការបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ។ ក្នុងនោះដែរលោកក៏បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនសមាជិកសមាជិការគណបក្សទាំងអស់ផងដែរ៕