(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា ជាប្រធានគណ:កម្មាធិការអនុសាខាស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាលសួរសុខទុក និងបានផ្តល់អំណោយមនុស្សធម៌ជូនដល់ចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយ និងអ្នកទីទ័លក្រ សរុបចំនួន ៤០គ្រួសារ មកពីភូមិចំនួន៨ ក្នុងឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
លើកឡើងនាឱកាសនោះលោក ស្រេង សុខា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាក ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល» ។
បន្ថែមពីនេះ លោក ស្រេង សុខា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។
លោកប្រធានអនុសាខាស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថា អំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកតែមួយគ្រាប៉ុណ្ណោះ ហើយសូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេដែលអាចឱ្យប្រទេសយើងមានការអភិវឌ្ឍ រីកចម្រើនរុងរឿងបាន។
ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ដែរថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រី ខ ១យួរ ,ទឹកត្រី ១យូរ ,ទឹកស៊ីវ ១យួរ និងថវិកាចំនួន ២ម៉ឺនរៀល៕