(ភ្នំពេញ)៖ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កង្វះខាតជំនាញ គឺជាកត្តារាំងស្ទះរបស់កម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឬប្រទេសអ្នកមាន នៅឆ្នាំ២០៥០ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
លោក ជា កុកហុង ប្រធានគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាល មានផែនការច្បាស់លាស់ ឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០។ ហេតុនេះ កម្ពុជាត្រូវការជំនាញ ឬកម្លាំងខ្លាំងណាស់។
ថ្លែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសផែនការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ឆ្នាំ២០២៣ ដែលបានរៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «Technology War (សង្គ្រាមបច្ចេកវិទ្យា) រវាងអាមេរិក និងចិន តាមពិតកម្ពុជាយើងទទួលផលច្រើន បើសិនជាយើងត្រៀមខ្លួន។ យើងឃើញមានបញ្ហាមួយចំនួន គឺបញ្ហាអត់ជំនាញ ហើយនេះជាបញ្ហាធ្ងន់ធ្ងរណាស់។ ជំនាញនេះ គេហៅថា ឆ្អឹងទទឹងករហើយ ដោយសារយើងអាចឈានទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់បាន ឬអត់»។
យោងតាមលក្ខណៈវិនិច្ឆ័យរបស់ធនាគារពិភពលោក (World Bank) ប្រទេសដែលមានប្រាក់ចំណូលមធ្យម (MICs) គឺជាក្រុមចម្រុះតាមទំហំ ចំនួនប្រជាជន និងកម្រិតប្រាក់ចំណូល។ ប្រទេសមួយ ដែលត្រូវបានកំណត់ថា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅពេលដែលប្រាក់ចំណូលជាតិសរុប (GNI) ក្នុងមនុស្សម្នាក់មានចន្លោះពី ១,០៣៦ដុល្លារអាមេរិក និង ៤,០៤៥ដុល្លារអាមេរិកនិងប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ជាមួយ GNI ក្នុងមនុស្សម្នាក់ចន្លោះពី ៤,០៤៦ដុល្លារអាមេរិក ទៅ ១២,៥៣៥ដុល្លារអាមេរិក។
ក្នុងឆ្នាំ២០១៦ ធនាគារពិភពលោក បានកែសម្រួលស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាជាផ្លូវការ ដោយបានផ្លាស់ប្តូរពីរង្វង់ដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
លោក ជា កុកហុង បានថ្លែងទៀតថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសអ្នកមានបាន លុះត្រាតែសេដ្ឋកិច្ចមានកំណើនដែរ។ លោកបានអះអាងថា សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អ ខណៈការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏មានដំណើរការល្អដែរ។
សូមជម្រាបថា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគ សរុបចំនួន១៨៦គម្រោង ក្រោមទុនវិនិយោគ ៤ ០៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៤៤ពាន់កន្លែង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
គម្រោងវិនិយោគចំនួន ១៨៦គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ១៧៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១១ គម្រោង។
ក្នុងចំណោមគម្រោងវិនិយោគទាំង១៨៦នេះ មានគម្រោងវិនិយោគចំនួន១៦៣ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, ៩ គម្រោងស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ៩ គម្រោងស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ និង ៥គម្រោងស្ថិតនៅក្នុងវិស័យទេសចរណ៍។
ចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ៨៨% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ៣៩% បានមកពីវិស័យនេះ។
ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ដែលមានតែប្រមាណ៥% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ៤៥% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។
ក្នុងឱកាសនោះដែរ លោក ជាកុកហុង បានលើកឡើងពីសមិទ្ធផល និងកម្មវិធីសហហិរញ្ញប្បទានរបស់គម្រោង SDF។ មន្ត្រីសេដ្ឋកិច្ចរូបនេះ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍជំនាញក្នុងវិស័យឯកជន ទាំងជំនាញបច្ចេកទេស និងជំនាញទន់ ដោយលើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើនសមត្ថភាព ផ្នែកធនធានមនុស្សក្នុងស្ថាប័ន។
គួរបញ្ជាក់ដែរថា វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ រៀបចំកម្មវិធីខាងលើ ក្នុងគោលបំណងថ្លែងអំណរគុណម្ចាស់អាជីវកម្ម ក្រុមហ៊ុន ដៃគូដែលតែងតែគាំទ្រសេវាបណ្តុះបណ្តាលរបស់វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។
លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្វូខេសិន គ្រុប បានលើកឡើងថា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ចាប់ដំណើរការតាំងពីឆ្នាំ២០០៨ ក្នុងការផ្តល់នូវសេវាកម្មអប់រំ សេវាកម្មប្រឹក្សាយោបល់ សេវាកម្មបណ្តុះបណ្តាលផ្នែកជំនួញ និងសេវាស្រាវជ្រាវ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក អ្នកគ្រប់គ្រង និង អ្នកជំនួញនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានបានទទួលនូវសិទ្ធផ្តាច់មុខក្នុងការប្រើប្រាស់ និង ចែកចាយនូវកម្មវិធីអប់រំ «ទម្លាប់ទាំង៧ របស់បុគ្គលឆ្នើម» នៃក្រុមហ៊ុន Franklin Covey Education ផងដែរ៕