(ភ្នំពេញ)៖ លោក ហាយ៉ាស៊ី យ៉ុស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានប្រកាសតែងតាំងលោកស្រី មីណាមីណុ យ៉ូកុ ដែលជាតារាចម្រៀង និងសម្តែង ជាអគ្គរាជទូតសុច្ឆន្ទៈសម្រាប់ខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពជប៉ុន-កម្ពុជា។ ការតែងតាំងនេះ ចាប់ពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរ រវាងជប៉ុន និងកម្ពុជាបន្ថែមទៀត ដោយសារជាខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពជប៉ុន-កម្ពុជា។

យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា លោកស្រី មីណាមីណុ យ៉ូកុ បានចូលជួបសម្តែងការគួរសមជាមួយលោក ហាយ៉ាស៊ី យ៉ុស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន (លោក តាកិអ៉ិ ស្យ៉ឺនស៊ឹកិ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏មានវត្តមានផងដែរ)។

លោកស្រី មីណាមីណុ យ៉ូកុ បានគូសបញ្ជាក់ថា «ខ្ញុំធ្លាប់មកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៩ និង២០១៣ ហើយចាប់តាំងពីពេលនោះមក ខ្ញុំមានអារម្មណ៍ពិសេសចំពោះកម្ពុជា។
ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានក្លាយជាអគ្គរាជទូតសុច្ឆន្ទៈក្នុងឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា ដែលជាប្រទេសពិសេសសម្រាប់ខ្ញុំ»

បន្ថែមពីនេះ លោកស្រី មីណាមីណុ យ៉ូកុ បានថ្លែងថា នឹងបន្តធ្វើសកម្មភាពផ្សេងៗ ដើម្បីឱ្យប្រជាជនកម្ពុជា បានយល់ដឹងអំពីប្រទេសជប៉ុន ហើយប្រជាជន ជប៉ុនក៏បានយល់ដឹងអំពីប្រទេសកម្ពុជាវិញដែរ។ «ឆ្នាំនេះ ខ្ញុំពិតជាទន្ទឹងរង់ចាំការមកប្រទេសកម្ពុជា និងជួបប្រជាជនកម្ពុជាជាថ្មីម្តងទៀត»

សូមជម្រាបថា លោកស្រី មីណាមីណុ យ៉ូកុ និងក្រុមការងារ បានរៀបរៀងបទចម្រៀង «ឥន្ទធនូដល់ថ្ងៃស្អែក» ជាពិសេសសម្រាប់មហោស្រព «គីហ្សូណាឆ្នាំ ២០២២» និងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា នៅឆ្នាំ២០២៣។

បទចម្រៀង «ឥន្ទធនូដល់ថ្ងៃស្អែក» គឺជាបទចម្រៀងមួយបទត្រូវបាននិពន្ធឡើង ដោយរំលេចឡើងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនៃចំណងមិត្តភាពរវាងតារាចម្រៀងជនជាតិជប៉ុនល្បីឈ្មោះមួយរូប ជាមួយប្រជាពលរដ្ឋកម្ពុជាក្នុងពេលតារាចម្រៀងរូបនេះ បានមកលេងនៅកម្ពុជាតាំងពីពេលកម្ពុជាកំពុងស្ថិតស្ថានភាពក្រីក្រដោយសារវិបត្តិសង្គ្រាមស៊ីវិល។

លោកស្រី មិណាមិណុ យ៉ូកុ បានមកប្រទេសកម្ពុជាពីរដង សម្រាប់ការងារទូរទស្សន៍។ លោកស្រី បានមកលើកទី១ ក្នុងឆ្នាំ១៩៨៩ និងលើកទី២ ក្នុងឆ្នាំ២០១៣។ បើតាមស្ថានទូតជប៉ុន ទំនាក់ទំនងរបស់លោកស្រី មិណាមិណុ យ៉ូកុ ជាមួយប្រទេសកម្ពុជា គឺរឹងមំា ហើយបានធ្វើឱ្យលោកស្រី ពិតជាចង់ធ្វើអ្វីមួយ ដើម្បីលើកកម្ពស់មិត្តភាពរវាងជប៉ុន និងកម្ពុជា។ ដូច្នេះលោកស្រី បាននិពន្ធបទចម្រៀងដោយចិត្តសប្បុរស តាមរយៈការចងចាំរបស់លោកស្រី ចំពោះកុមារីកំព្រា ដែលលោកស្រីបានជួបក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសកម្ពុជា។

តាមរយៈបទចម្រៀង «ឥន្ទធនូដល់ថ្ងៃស្អែក» នេះ លោកស្រី មិណាមិណុ យ៉ូកុ បានរំលឹកដល់អនុស្សាវរីយ៍របស់លោកស្រី ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៨៩ ក្នុងពេលកម្ពុជាស្ថិតក្នុងស្ថានភាពវិបត្តិនៃភ្លើងសង្គ្រាម ហើយសេដ្ឋកិច្ចមិនទាន់រីកចម្រើននៅឡើយ។ លោកស្រី បានធ្វើដំណើរទៅកាន់មណ្ឌលកុមារកំព្រា ហើយបានធ្វើសកម្មភាពមួយចំនួន ដើម្បីជួយដល់មជ្ឈមណ្ឌលកុមារកំព្រានោះ។

អត្ថន័យបទចម្រៀងបានបង្ហាញពីការជួយជ្រោមជ្រែងរបស់លោកស្រី ដើម្បីបង្កើតនូវស្នាមញញឹម និងពន្លឺជីវិតសម្រាប់កុមារកំព្រានោះ ដែលជាការបង្ហាញឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តដ៏ជ្រាលជ្រៅរបស់ជនជាតិជប៉ុន សម្រាប់ពលរដ្ឋកម្ពុជា។ អត្ថន័យបទចម្រៀង បានរំលចនូវស្មារតីដ៏មុតមាំរបស់ពលរដ្ឋជប៉ុន ក្នុងការជួយដល់ពលរដ្ឋកម្ពុជា ដើម្បីឆ្ពោះទៅក្តីសង្ឃឹមមួយ ដែលជាបំណងប្រាថ្នារួមរបស់ពលរដ្ឋកម្ពុជា និងពលរដ្ឋជប៉ុន៕