(កោះកុង)៖ លោកស្រី អ៉ី នារីណេត អភិបាលរងខេត្តកោះកុង និងលោក អ៉ី ម៉េងលាង ប្រធានមន្ទិរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមន្ត្រីជំនាញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចុះពិនិត្យមើលការដាំដុះដំណាំកសិកម្ម របស់ប្រជាពលរដ្ឋចំនួន២ស្រុក គឺស្រុកបូទុមសាគរ និងស្រុកស្រែអំបិល។
លោកស្រី អ៉ី នារី ណេត បានលើកឡើងថា ការចុះពិនិត្យនៃការដាំដុះនិងផលដំណាំកសិកម្ម ដែលប្រជាពលរដ្ឋកំពង់ប្រមូលនិងដាំបន្តនេះ ធ្វើឲ្យលោកស្រីមានសេចក្តីសោមនោស្សរីករាយ ដែលឃើញការដាំដុះដំណាំកសិកម្មរបស់គាត់ទទួលបានទិន្នផលដែលអាចទទួលយកបាន ក្នុងការដោះស្រាយជីវភាពក្នុងគ្រួសារគាត់បានក្នុងរដូវកាលនេះ។
ដំណើរនេះធ្វើឲ្យលោកស្រីដឹងពីជីវភាព និងការរស់នៅរបស់បងប្អូន ដែលនៅតំបន់ដាច់ស្រយាល និងជួយផ្តល់បទពិសោធន៍ខ្លះ ក្នុងបង្កបង្កើតផលដែលគាត់ជួបប្រទះបច្ចេកទេស ក្នុងដាំដុះដំណាំកសិកម្ម និងផ្តល់បទពិសោធន៍បច្ចេកទេស ផ្នែកជំនាញកសិកម្មជូនគាត់ឲ្យទទួលទិន្នផលល្អ។
លោកស្រីអភិបាលរង បានបន្តថា ការចុះពិនិត្យដំណាំកសិកម្មនៅតាមបណ្តាស្រុកឃើញថា ពលរដ្ឋប្រកបអាជីវកម្មកសិកម្ម មានជីវភាពធូរធា។ លោកស្រី ជម្រុញឲ្យប្រជាកសិករទាំង ២ស្រុក ខិតខំដាំបន្តបន្ថែមទៀត ដើម្បីបង្កើនចំណូលឲ្យច្រើន។
លោក អ៉ី ម៉េងលាង បានថ្លែងថា ដំណាំកសិកម្មដែលគាត់ប្រមូលផលប្រចាំថ្ងៃបានរាល់ថ្ងៃ រួមមាន តាសក់ ឪឡឹក ស្ពៃ សណ្តែកគួ និងផ្លែត្រប់ខាត់ណា ដើម្បីយកទៅទីផ្សារ៕