(កំពង់ធំ)៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថាន ទូទាំងខេត្តប្រចាំឆ្នាំ២០២២ និងលើកទិដៅអនុវត្តឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ព្រះរាជអាជ្ញា មន្ត្រីរាជការបរិស្ថានជាច្រើនរូប ។
ក្រោយពីបានស្តាប់របាយការណ៍របស់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំរួច, លោក ជា វ៉ាន់ចាន់ ក៏បានកោតសរសើរចំពោះខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីមន្ទីរបរិស្ថានខេត្ត ព្រមទាំងសកម្មភាពការងារ និងសមិទ្ធផលចម្បងៗទាំងនេះបាននឹងកំពុងឆ្លុះបញ្ចាំងឱ្យឃើញពីរការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និងគ្រប់ការិយាល័យជំនាញចំណុះមន្ទីរបរិស្ថាន ក្នុងការអនុវត្តការងារ ស្នូលរបស់ខ្លួនក្នុងវិស័យកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិ។
ថ្លែងនាឱកាសនោះលោក សៅ សុភាព បានលើកឡើងថា សម្រាប់មន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវអនុវត្តនូវគោលនយោបាយផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងទិសដៅការងារ ដើម្បីសម្រេចបាននូវបេសកកម្មមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បាននឹងកំពុងបន្តការធ្វើទំនើបកម្មអង្គភាពកែប្រែប្រួលតួនាទីភារកិច្ចការងារ។
លោក សៅ សុភាព ក៏បានលើកទឹកចិត្តបន្ថែមដល់ក្រុមការងារទាំងអស់ក្នុងការពង្រឹងការអនុវត្តច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ការអភិរក្ស និងគ្រប់គ្រងជីវៈចម្រុះ ធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ កិច្ចគាំពារបរិស្ថាន ការរៀបចំ និងពង្រឹងសហគមន៍តំបន់ការពារធម្មជាតិ ការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ការអប់រំចំណេះដឹងព័ត៌មានបរិស្ថាន ការលើកទឹកចិត្តការអនុវត្តមេត្រីភាពបរិស្ថាន ការស្វែងរកប្រាក់ចំណូលចូលថវិការដ្ឋ ការកំណត់ដីអាស្រ័យផលទាំងនៅក្នុងតំបន់ការពារធម្មជាតិ និងក្នុងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងនោះវិស័យបរិស្ថាននៅខេត្តនេះ ក៏បានចូលរួមដើរតួនាទីយ៉ាងសំខាន់ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាននៅទីប្រជុំជន។
ជាមួយគ្នានោះលោក សៅ សុភាព ក៏បានសង្កត់ធ្ងន់ថា ការទុកដាក់សំណល់សំរាម មិនបានត្រឹមត្រូវបានបង្ហាញពីឥរិយាបទ កិរិយារបស់បុគ្គលខ្វះសណ្តាប់ធ្នាប់ ខ្វះអនាម័យ ដែលនាំឱ្យជះឥទ្ឋិពលមិនល្អដល់សហគមន៍ និងសង្គមជាតិយើងទាំងអស់គ្នាផងដែរ៕