(បន្ទាយមានជ័យ)៖ រយៈពេល១ខែ ចាប់ពីចុងឆ្នាំ២០២២ ដល់ដើមឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៧ករណី ដែលបណ្ដាលឱ្យមានមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៧នាក់។
លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «នៅចុងឆ្នាំ២០២២ ដល់ដើមឆ្នាំ២០២៣ រយៈពេល១ខែ ខេត្តបន្ទាយមានជ័យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៧ករណី បណ្តាលស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៧នាក់ ដែលកើតឡើងពីកត្តាមនុស្សច្រើនជាងកត្តាយានយន្ត»។
លោក សុក ចាន់ថា ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ មន្ត្រីមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ត សហការជាមួយកម្លាំងនគរបាលចរាចរណ៍ខេត្ត និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានចុះយុទ្ធនាការស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តបន្ទាយមានជ័យ នៅដើមឆ្នាំ២០២៣នេះ ធ្វើបាន៣លើកហើយ ត្រូវបានចែកពួកសុវត្ថិភាព និងខិតប័ណ្ណស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកជូនអ្នកបើកបររថយន្តនិងម៉ូតូឱ្យបានយល់ដឹង។
នៅពេលចុះផ្សព្វផ្សាយយុទ្ធនាការស្តីពីការលើកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយ៍ចិន បានចែកខិតប័ណ្ណច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបិទស្ទិកឃ័រចំណាំងផ្លាតតាមរម៉កម៉ូតូ និងគោយន្តច្នៃដល់អ្នកបើកបររថយន្ត និងទោចក្រយានយន្ត៕