(កណ្ដាល)៖ ក្រោយសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីករណីមន្ត្រីនគរបាលស័ក្ដិ៤ម្នាក់ គឺលោក ឌឿន ចាន់ដារ៉ា នាយផ្នែករដ្ឋបាលសរុប នៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងជាថៅកែហាងផឹកស៊ី យីហោ «ពន្លឺជាប់ចិត្ត» វាយ ច្របាច់ក និងគំរាមបាញ់សម្លាប់ចោលយុវជនម្នាក់ បង្កការភ្ញាក់ផ្អើលនៅក្រុងតាខ្មៅ រួចមកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងថា លោកបានបញ្ជាឲ្យមានការស៉ើបអង្កេតរឿងនេះហើយ។

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងយ៉ាងដូច្នេះមកកាន់អ្នកយកព័ត៌មាន នៃអង្គភាព Fresh News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ ចំពោះករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងថា មកដល់ថ្ងៃនេះ ពុំទាន់មានពាក្យបណ្ដឹងណាមួយឡើយ ហើយលោកក៏បានបញ្ជាឲ្យមានការស៉ើបអង្កេតផងដែរ។

សូមរម្លឹកថា មានការចុះផ្សាយពីករណីម្ចាស់ហាង «ពន្លឺជាប់ចិត្ត» ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រើអំពើហិង្សារូបរាងកាយ បង្ករបួសស្នាម ប្រមាថគំរាមអាយុជីវិត ដោយប្រើប្រាស់អាវុធភ្ជង់ក្បាលគំរាមថា នឹងបាញ់សម្លាប់ចោល កាលពីវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣កន្លងទៅ។

ទោះយ៉ាងណាភ្នាក់ងារ Fresh News ពុំអាចទាក់ទងទៅកាន់លោក ឌឿន ចាន់ដារ៉ា និងយុវជនរងគ្រោះបាននៅឡើយទេ៕