(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីសម្រាប់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃការិយាល័យដកហូតនិងលុបបំបាត់អាវុធ (Office of Weapons Removal and Abatement) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក (PM/WRA, State Department)។

លោកទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះជំនួបកិច្ចពិភាក្សានេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំនៅកម្ពុជា ក្នុងការផ្តល់នូវសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា កម្ពុជាមានសុទិដ្ឋិនិយម និងសង្ឃឹមយ៉ាងមុះមុតថា កម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥ តាមការគ្រោងទុក។

ទេសរដ្ឋមន្រ្តីបន្តទៀតថា ក្រៅពីការងារបោសសម្អាតមីន ការបោសសម្អាតគ្រាប់ចង្កោម គឺជាគោលដៅអាទិភាពទី២របស់កម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ដែលកម្ពុជានៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោមប្រមាណជា ៧៣៥ គីឡូម៉ែត្រក្រឡាទៀត។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីនឲ្យអស់ក្នុងឆ្នាំ២០២៥ និងបន្ថែមថវិកាចូលរួមគាំទ្រដល់ការងារ បោសសម្អាតគ្រាប់បែកចង្កោមផងដែរ។

លោក Ethan Rinks បានជម្រាបប្រាប់លោកទេសរដ្ឋមន្រ្តីថា ការិយាល័យដកហូតនិងលុបបំបាត់អាវុធ បានទទួលបន្ទុកការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំងថ្នាក់តំបន់ និងពិភពលោក។ លោកបានទៀត រយៈពេលជាង ៣០ឆ្នាំនេះ សហរដ្ឋអាមេរិកបានជួយដល់កម្ពុជាក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជា ១៩០លានដុល្លារ ព្រមទាំងបន្តជួយដល់កម្ពុជា រហូតកម្ពុជាគ្មានមីនឆ្នាំ២០២៥។

នាយកកម្មវិធី បានអបអរសាទរចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារអាទិភាពមួយក្នុងដោះស្រាយ ព្រមទាំងបានថ្លែងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលបានផ្តល់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ គាំទ្រដល់សកម្មភាពចូលរួមការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា៕