(អឺរ៉ុប)៖ ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA European Championship ឬ UEFA Euro) ចាប់ផ្តើមដំបូងបំផុត នៅឆ្នាំ១៩៦០ ដែលកាលនោះ ប្រទេសបារាំងគឺជាម្ចាស់ផ្ទះ។ គិតមកដល់ឆ្នាំ២០១៦ នេះមានអាយុកាល៥៦ឆ្នាំមកហើយ ហើយក៏ជាការប្រកួតលើកទី១៥ផងដែរ ដោយមានរយៈពេល៤ឆ្នាំម្តង ដូចទៅនឹងការប្រកួតបាល់ទាត់ពិភពលោក (World Cup) ដែរ។
ប្រទេសនៅតំបន់អឺរ៉ុបចំនួន ២៨ប្រទេស មានសិទ្ធិចូលរួមក្នុងការប្រកួតនេះ។ នៅឆ្នាំ២០១៦ ការប្រកួតបាល់ទាត់ Euro ដែលកំពុងស្ថិតក្នុងវគ្គប្រកួតជម្រុះ១៦ក្រុម យកតែ៨ក្រុមទៅវគ្គបន្ត។
នៅថ្ងៃនេះ Fresh News សូមលើកយកនូវប្រវត្តិខ្លះ នៃការប្រកួតបាល់ទាត់ Euro អំពីប្រទេសនៅតំបន់អឺរ៉ុប ដែលធ្លាប់ឈ្នះ និងលើកពានរង្វាន់បាល់ទាត់ Euro ច្រើនជាងបំផុត ដោយដកស្រង់ចេញពីគហេទំព័រ Wikipedia៖
១- អេស្ប៉ាញ
ប្រទេសនេះធ្លាប់លើកពាន Euro ចំនួន៣លើករួចមកហើយ គឺលើកទី១ នៅឆ្នាំ ១៩៦៤ ដែលពេលនោះ ប្រទេសអ៊ីតាលីធ្វើជាម្ចាស់ផ្ទះ។ អេស្ប៉ាញ បានយកឈ្នះសហភាពសូវៀត ដោយលទ្ធផល២-១។ នៅឆ្នាំ២០០៨ អេស្ប៉ាញបន្តលើកពាននេះ ដោយប្រទេសអូទ្រីស ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ហើយអេស្ប៉ាបានប្រកួតឈ្នះ អាល្លឺម៉ង់ ដោយលទ្ធផល ១-០។ ចំណែកការលើកពានចុងក្រោយរបស់ អេស្ប៉ាញ គឺនៅឆ្នាំ២០១២ ដែលអ៊ុយក្រែនធ្វើជាម្ចាស់ផ្ទះ អេស្ប៉ាញបានយកឈ្នះ អ៉ីតាលី ដោយលទ្ធផល៤-០។
២- អាល្លឺម៉ង
អាល្លឺម៉ង់ធ្លាប់លើកពាន Euro នេះ៣លើកផងដែរ គឺនៅឆ្នាំ១៩៧២ ,១៩៨០ ដែលកាលនោះ ក្នុងនាមជាប្រទេស អាល្លឺម៉ងខាងលិច និងលើកចុងក្រោយនៅឆ្នាំ ១៩៩៦។ នៅឆ្នាំ១៩៧២ អាល្លឺមង់ខាងលិចយកឈ្នះ សហភាពសូវៀត ៣-១ ដែលពេលនោះប្រទេសប៊ែលហ្ស៉ិក ធ្វើជាម្ចាស់ផ្ទះ។ នៅឆ្នាំ ១៩៨០ អាល្លឺម៉ងខាងលិចយកឈ្ន ប៊ែលហ្ស៉ិក ដោយលទ្ធ៣-១ ដោយអ៉ីតាលី ធ្វើជាម្ចាស់ផ្ទះ។ ចុងក្រោយឆ្នាំ ១៩៩៦ អាល្លឺម៉ង់ បានយកឈ្នះ សាធារណរដ្ឋឆេក ដោយលទ្ធផល២-១។
៣- បារាំង
ប្រទេសនេះធ្លាប់ឈ្នះ ពាន Euro ២ដង គឺក្នុងឆ្នាំ១៩៨៤ និងឆ្នាំ២០០០ ហើយឥឡូវកំពុងធ្វើម្ចាស់ផ្ទះ នៃការប្រកួតនេះថែមទៀត។ នៅឆ្នាំ១៩៨៤ បារាំងយកឈ្នះ អេស្ប៉ាញដោយលទ្ធផល ២-០ ដែលពេលនោះបារាំង គឺជាម្ចាស់ផ្ទះ និងនៅឆ្នាំ២០០០ បារាំងយកឈ្នះ អ៉ីតាលី ដោយលទ្ធផល២-១ ដែលប្រកួតក្នុងទឹកដីហូឡង់។
៤- អ៉ីតាលី
អ៉ីតាលីធ្លាប់ឈ្នះពាន Euro ម្តងគត់នៅឆ្នាំ ១៩៦៨ ដែលកាលនោះ ប្រកួតឈ្នះ យូហ្គូស្លាវី ដោយលទ្ធ២-០ ដែលអ៉ីតាលីខ្លួនឯងធ្វើជាម្ចាស់ផ្ទះ។
៥- សហភាពសូវៀត ឬ រុស្ស៊ី
ឈ្នះពាន Euro បានម្តងនៅឆ្នាំ១៩៦០ បន្ទាប់ពីឈ្នះ យូហ្គូស្លាវី ដោយលទ្ធផល ២-១ ដែលពេលនោះបារាំងធ្វើជាម្ចាស់ផ្ទះ។
៦- ឆេកូស្លូវាគី ឬ សាធារណរដ្ឋឆេក
ឈ្នះពាន Euro ម្តងនៅឆ្នាំ១៩៧៦ ដោយប្រកួតឈ្នះ អាល្លឺម៉ងខាងលិច ដែលពេលនោះ ប្រទេសយូហ្គូស្លាវី ធ្វើជាម្ចាស់ផ្ទះ។
៧- ហូឡង់
ប្រទេសនេះ ធ្លាប់ឈ្នះពាន Euro ម្តងដែរ នៅឆ្នាំ១៩៨៨ បន្ទាប់ពីយកឈ្នះ សហភាពសូវៀត ដោយលទ្ធផល ២-០ ដែលអាល្លឺម៉ងខាងលិច ធ្វើជាម្ចាស់ផ្ទះ។
៨- ដាណឺម៉ាក
ធ្លាប់ឈ្នះពាន Euro បានម្តងនៅឆ្នាំ ១៩៩២ បន្ទាប់ពីយកឈ្នះ អាល្លឺម៉ង់ដោយលទ្ធផល ២-០ នៅទឹកដីប្រទេសស៊ុយអ៊ែត។
៩- ក្រិច
ក្រិចធ្លាប់បានឈ្នះពាន Euro ម្តងនឹងគេដែរ នៅឆ្នាំ២០០៤ ក្រោយយកឈ្នះ ព័រទុយហ្គាល់ ដោយលទ្ធផល១-០ នៅក្នុងទឹកដីព័រទុយហ្គាល់៕