(រតនគិរី)៖ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មន្ត្រីសាខាពន្ធដារ ខេត្តរតនគិរី សហការជាមួយមន្ត្រីសាលាខេត្ត, កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងនគរបាលចរាចរណ៍ខេត្ត បានចុះត្រួតពិនិត្យពន្ធមធ្យោបាយឆ្នាំ២០២២ លើរថយន្តប្រភេទទេសចរណ៍ចំនួន២៨គ្រឿង ដែលមិនបានបង់ពន្ធផ្លូវប្រចាំឆ្នាំលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបំបែកភូមិតឺនស្រុកកូនមុំ។

លោក ប៉ិច សុភក្តិ ប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ នៃសាខាពន្ធដាខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ថាការចុះត្រួតពិនិត្យពន្ធមធ្យោបាយផាកពិន័យឆ្នាំនេះ គឺមានការថយចុះជាងឆ្នាំមុនដោយសារតែម្ចាស់មធ្យោបាយភាគច្រើនពួកគាត់មានការយល់ដឹងពីកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំរៀងៗខ្លួន។

លោកបន្តថា ការបង់ពន្ធមធ្យោបាយមានភាពងាយស្រួលដោយបង់ពន្ធតាមធនាគារមួយចំនួន និងតាម GDT Taxpayer App (បង់តាមទូរស័ព្ទដៃ) ក៏បាន។

ទន្ទឹមនេះដែរលោក ប៉ិច សុភក្តិ បានសុំណូមពរដល់ម្ចាស់យានយន្ត និងយានជំនិះគ្រប់ប្រភេទត្រូវបង់ពន្ធឱ្យទាន់ពេលវេលាទើបមិនទទួលនូវការផាកពិន័យខាតលុយកាក់ និងពេលវេលា៕