(ឡុងដ៍)៖ សមាជិកគណរដ្ឋមន្ត្រីស្រមោលនៃគណបក្សប្រឆាំង ក្នុងចំនួនពាក់កណ្តាល បានត្រៀមរៀបចំលាលែងចេញពីតំណែង របស់ពួកគេហើយ ដើម្បីជាកម្លាំងមួយបង្ខំឲ្យមេដឹកនាំ បក្សគឺលោក Jeremy Corbyn ចុះចេញពីតំណែងដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ BBC នៅមុននេះបន្តិចនារសៀលថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦។
ចំណាត់ការក្តៅខាងលើនេះ បានកើតឡើងបន្ទាប់ពីមានការបង្ខំឲ្យរដ្ឋមន្ត្រីការបរទេសស្រមោល លោក Hilary Benn លាលែងចេញពីតំណែង ដែលជាបញ្ជារបស់ប្រធានគណបក្សពលករលោក Jeremy Corbyn កាលពីយប់មិញ។
ថ្លែងជុំវិញបញ្ហានេះលោកស្រី Heidi Alexander ដែលជារដ្ឋមន្ត្រីសុខាភិបាលស្រមោល បាននិយាយ ថាលោកស្រីមានការព្រួយបារម្ភ និងប៉ះពាល់សតិអារម្មណ៍ណាស់ ចំពោះការលាលែងចេញពី តំណែងនេះ។ កន្លងមកលោក Corbyn បានទទួលការបោះឆ្នោតដកទំនុកចិត្ត ដោយសារតែលោក បានអះអាងថា មានភាពមិនច្បាស់លាស់ ឬស្រពិចស្រពិល អំឡុងពេលការបោះឆ្នោតធ្វើប្រជាមតិ ដែលនាំឲ្យចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
ប្រភពមួយបានប្រាប់ BBC ថាលោក Corbyn បានបាត់បង់ទំនុកចិត្តលើលោក Benn ទើបសម្រេច បណ្តេញលោកចេញពីតំណែងរដ្ឋមន្ត្រីការបរទេសសម្រោលកាលពីយប់មិញ។ មានរឿងមួយទៀតដែរ គឺលោក Benn បានសម្តែងការព្រួយបារម្ភថា ក្រោមការដឹកនាំរបស់លោក Corbyn គណបក្សពលករ ពិតជាមានការព្រួយបារម្ភណាស់ ថានឹងអាចទទួលបានជោគជ័យក្នុងការបោះឆ្នោតឬក៏អត់នោះ។
ចុងក្រោយលោក Benn បានលើកឡើងច្បាស់ៗថា «គ្មានសង្ឃឹមដែលយើងអាចឈ្នះឆ្នោតនោះទេ នៅអាណត្តិក្រោយនេះ ប្រសិនបើលោក Corbyn នៅបន្តដឹកនាំបក្ស»។ គួរបញ្ជាក់ថា នៅក្នុង បក្សប្រឆាំងរបស់អង់គ្លេស គេតែងតែរៀបចំឲ្យមានរដ្ឋមន្ត្រីតាមតំណែងរួចជាស្រេច ដែលមាន ជំនាញតាមដានមើលសកម្មភាពរដ្ឋមន្ត្រីតាមក្រសួងពិតប្រាកដ ហើយរដ្ឋមន្ត្រីប្រភេទនេះត្រូវបានគេឲ្យ ឈ្មោះថារដ្ឋមន្ត្រីស្រមោល៕