(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្តលោក អ៊ុន ចាន់ដា និងសហការី នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បាននាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត៥៨គ្រួសារ មកពីឃុំចំនួន៥ (ឃុំព្រៃឈរ ឃុំស្រង៉ែ ឃុំសូរសែន្យ ឃុំល្វា និងឃុំសំរោង) ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តថ្មី ក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ។
នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា ពលរដ្ឋដែលងាយរងគ្រោះបំផុតទាំង៥៨គ្រួសារ រួមមាន៖ ស្ត្រីមេម៉ាយទ័លលំបាក២៤គ្រួសារ ចាស់ជរាគ្មានទីពឹង២៥គ្រួសារ ជនមានពិការភាព ៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍២គ្រួសារ និងកុមារកំព្រា២គ្រួសារផងដែរ។
ស្ថិតក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ, លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ ដែល ជានិច្ចកាល សម្ដេចតែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះជាប្រចាំ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនបានទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «មិនទុកនរណាម្នាក់ចោលឡើយ»។
លោក អ៊ុន ចាន់ដា បានយកឱកាសនោះក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព រស់នៅក្នុងបរិស្ថានល្អ មានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាសធាតុ មានការប្រែប្រួល ពីក្តៅ ទៅត្រជាក់ វាអាចនឹងបង្កឱ្យកើតមានជម្ងឺផ្តាសាយ ឬគ្រុនក្តៅ និងសូមបងប្អូនបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញទី៥ និងទី៦ ឱ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបំលែងថ្មីកូវីដ១៩។
ម៉្យាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមាន ដូចជា៖ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ គ្រោះអគ្គិភ័យជាដើម អាចបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិ និងអាយុជីវិតជាយថាហេតុ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាន ប្រគល់ជូនពលរដ្ឋងាយរងគ្រោះ ទាំង៥៨គ្រួសារ គឺក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ឃីត (សារុង មុង ភួយ ក្រមា) ១កញ្ចប់ សាប៊ូលុច្ស ៤ដុំ អាវយឺត ៤ ម៉ាស់ ១០ បន្ទះ និង ថវិកាចំនួន ៥០,០០០រៀល៕