(ភ្នំពេញ)៖ តាមការរាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ការរីករាលដាលជំងឺរបងកំពុងមានការកើនឡើងនៅជុំវិញពិភពលោក ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២០, ឆ្នាំ២០២១, ឆ្នាំ២០២២) ក្នុងនោះកម្ពុជាក៏ត្រូវបានរកឃើញមានអ្នកឆ្លងជំងឺនេះរាប់ម៉ឺនករណីដែរ។

ការរាយការណ៍នេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីក្របខណ្ឌគណនេយ្យភាពពហុវិស័យសម្រាប់ឆ្លើយតបជំងឺរបេង ក្នុងចំណោមអន្តរក្រសួង ភា្នក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៉ីវិល និងសហគមន៍ នាថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិខាងលើ លោក ជួប សុខចំរើន នាយកអង្គការ Khana បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ពិភពលោកបានរកឃើញករណីកើតជំងឺរបេងក្នុងមួយ១ឆ្នាំៗប្រមាណ១០លាននាក់ ប៉ុន្តែការងារដែលស្រាវជ្រាវរកអ្នកផ្ទុកមេរោគរបេងដើម្បីផ្ដល់ការព្យាបាល គឺមានការថយចុះ ដោយហេតុថារដ្ឋាភិបាលនានាជាប់មមាញឹក នឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩។

លោក ជួប សុខចំរើន បានថ្លែងថា «ក្នុងរបាយការណ៍ឆ្នាំ២០២២ បានបញ្ជាក់ថានៅឆ្នាំ២០២១ មានករណីស្លាប់ដោយសារជំងឺរបេងរហូតដល់១,៦០០,០០០នាក់ គឺចំនួនច្រើនជាងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលនេះគឺជាសញ្ញាណមិនល្អនោះឡើយសម្រាប់សុខមាលភាពពិភពលោក»។

លោកបន្ថែមថា មានកត្តាច្រើនដែលនាំឱ្យមានការរីករាលដាលជំងឺរបេង ដូចជា អ្នកជំងឺមិនទៅទទួលសេវាព្យាបាល បញ្ហាជីវភាពក្រីក្រ កង្វះអាហារូបត្ថម្ភ ភ័យខ្លាចចំពោះការរើសអើង មិនទទួលបានព័ត៌មានសោះ ឬតិចតួច ឬមិនច្បាស់លាស់មិនគ្រប់គ្រាន់ អ្នកខ្លះយល់ច្រឡំថាជំងឺរបេងជាជំងឺស៊ូពូជ ដូច្នេះកាលណាគាត់ទៅពិនិត្យមើលឃើញមេរោគរបេងក្នុងខ្លួន គាត់បារម្ភខ្លាចគេរើសអើង។ ភាគច្រើននៅកម្ពុជា អ្នកដែលកើតជំងឺរបេងគឺកើតចំពោះ ប្រជាជនក្រីក្រ។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង បានឱ្យដឹងថា នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ បានរកឃើញអ្នកឆ្លងជំងឺរបេងចំនួន១,៦០០នាក់។ នៅឆ្នាំ២០២១ ដែលមានការរាតត្បាតជំងឺកូវីដ១៩ គឺមានការរកឃើញអ្នកឆ្លងជំងឺរបេងប្រមាណ២ម៉ឺននាក់។

លោកវេជ្ជបណ្ឌិតបានបន្តថា នៅឆ្នាំ២០២២ ដែលជាឆ្នាំបើកដំណើរការសេដ្ឋកិច្ចឡើងវិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺរបេងប្រមាណ៣១០០០-៣២០០០នាក់។

លោកបានថ្លែងយ៉ាងដូច្នេះថា «របេងនៅមានច្រើនទៀតដែលយើងរកមិនទាន់ឃើញអស់ វាសម្ងំនៅកន្លែងផ្សេងទៀតដែលយើងត្រូវបន្តការស្រាវជ្រាវរកឱ្យបានគ្រប់ជ្រុងជ្រោយ»។

លោក ហួត ចាន់យុដា បានបញ្ជាក់ថា កំណើននៃការរកឃើញនេះគឺលទ្ធផលល្អមួយសម្រាប់ការងារស្រាវជ្រាវរកអ្នកកើតជំងឺរបេងនៅកម្ពុជា ពីព្រោះកាលណាក្រុមការងាររកឃើញអ្នកជំងឺហើយ នោះអ្នកជំងឺនឹងទទួលបានការព្យាបាលត្រឹមត្រូវរហូតដល់ជាសះស្បើយ ព្រមទាំងអាចបន្តតាមរកអ្នកដែលពាក់ព័ន្ធ ឬអ្នកមានឱកាសឆ្លងពីអ្នកជំងឺ ដើម្បីផ្ដល់ការពិនិត្យ និងព្យាបាលបង្ការជូនអ្នកដែលពាក់ព័ន្ធនោះ។ លោកថា ការពិនិត្យនិងការព្យាបាលអ្នកជំងឺរបេងទាំងនោះ គឺមិនឱ្យមានការរើសអើង មិនមានការយកថ្លៃសេវាពិនិត្យព្យាបាល ឬថ្លៃថ្នាំនោះឡើយ។

ក្នុងការឆ្លើយតបទៅនឹងការព្យាបាលអ្នកជំងឺរបេងរាប់ម៉ឺននាក់នេះ ប្រធានមជ្ឈមណ្ឌលជាតិរូបនេះបានអះអាងថា បច្ចុប្បន្នគ្រប់មន្ទីរបង្អែកថ្នាក់ស្រុក ថ្នាក់ខេត្ត និងមន្ទីរពេទ្យនៅថ្នាក់ជាតិ គឺសុទ្ធតែមានការផ្ដល់ថ្នាំព្យាបាលគ្របគ្រាន់ ពោលគឺឱ្យតែធ្វើរោគវិនិច្ច័យរកឃើញជំងឺរបេងហើយ ក្រុមគ្រូពេទ្យនឹងផ្ដល់ថ្នាំព្យាបាលទៀតទាត់ដោយមិនមានការបង់ប្រាក់នោះឡើយ។ លោកថា ក្នុង១ករណីអាចចំណាយថវិកាចាប់ពី៨០ម៉ឺនទៅ១លានរៀល ព្រោះថ្នាំគឺសុទ្ធតែល្អៗ មានប្រសិទ្ធភាព និងមានតម្លៃថ្លៃ ដូច្នេះប្រសិនបើយកសេវាពីអ្នកជំងឺ គឺពួកគាត់នឹងចំណាយអស់ប្រាក់ច្រើន ប៉ុន្តែរាជរដ្ឋាភិបាលមិនតម្រូវអ្នកជំងឺបង់ប្រាក់នោះឡើយ។ ម្យ៉ាងទៀតក៏មានអង្គការដៃគូមួយចំនួន ដូចជា អង្គការសុខភាពពិភពលោក អង្គការ USAID អង្គការ Khana បានជួយជាបច្ចេកទេស ហិរញ្ញវត្ថុ សម្ភារបរិក្ខារ និងថ្នាំសម្រាប់ព្យាបាលអ្នកជំងឺរបេងនៅកម្ពុជាផងដែរ។

គួរជម្រាបថា ជំងឺរបេងគឺមានច្រើនប្រភេទ ដូចជា ប្រភេទ BK+ ដែលជាប្រភេទកើតនៅក្នុងសួត ហើយឆ្លងតាមរយៈផ្លូវដង្ហើម, ប្រភេទ BK- ជាប្រភេទនៅក្នុងសួតដែរ ដោយគេអាចរកឃើញវាឃើញតាមរយៈការពិនិត្យកំហាក ឬក៏ថតមើលសួត, ប្រភេទមួយទៀតគឺរបេងក្រៅសួត ក្នុងនោះមានដូចជារបេងកូនកណ្ដុរ របេងឆ្អឹង របេងស្រោមខួរជាដើម។ ក្នុងចំណោមប្រភេទរបេងទាំងនោះ កម្មវិធីជាតិកម្ចាត់ជំងឺរបេងយកចិត្តទុកដាក់ខ្លាំងទៅលើប្រភេទរបេង BK+ ដែលជាប្រភេទឆ្លងតាមរយៈផ្លូវដង្ហើមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយមានហានិភ័យខ្ពស់ជាងប្រភេទផ្សេងទៀត៕