(បាត់ដំបង)៖ ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ប៊ុន សេង និងកាន់តែចូលជ្រៅបង្កើន ភាពស្និទ្ធស្នាលរវាងមន្រ្តីរាជស៊ីវិលនិងកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ លោក ខាន់ ម៉ាណេរ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងសហការី អាជីវករ សប្បុរសជន បាននាំអំណោយជាគ្រឿង ឧបភោគបរិភោគនិងថវិកាចុះសួរសុខទុក្ខសិក្ខាកាមយោធិននៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាលចាបយោធភូមិភាគទី៥ ស្ថិតក្នុងភូមិសាស្រ្តព្រំប្រទល់ស្រុកទាំង៣ ស្ថិតក្នុងកណ្តាលស្ទឹងឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ពិធីនេះក៏មានធ្វើពិធីរាបបាតប្រគេនព្រះសង្ឃ៦៨អង្គបួងសួងនៅកន្លែងអាស្រមលោកតាចាប ដែលថែក្សាភ្នំវាលចាបនេះកន្លងមក ដើម្បីសុំសេចក្តីសុខដល់អ្នករស់នៅក្នុទីលាននេះ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក ប៊ុនសេង មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៥និងលោកស្រី ក្នុងនោះក៏មានវត្តមានថ្នាក់មេបញ្ជាការងយោធភូមិភាគ មេបញ្ជាការកងពលតូចថ្មើជើងទាំង៣ យោធាចារយ្យ សិក្ខាកាមយោធិន នគរបាលមកពីវរសេនាតូចការពារព្រំដែនគោកមកពីវរសេនាតូចទាំង៤ទិសពាយ័ព្យមានជាង៤០០នាក់។
លោក ខាន់ ម៉ាណេរ បានថ្លែងថា ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយកាន់តែជិតស្និទ្ធនោះ អង្គភាពរបស់លោកក៏បានមកជាលើកទី២ តាមការអំពាវនាវលោកមេបញ្ជាការយោធភូមិភាគទី៥រួចមក លោកក៏បានរំលឹកផងដែរពីអង្គភាពលោក ដែលតែងបាននាំអំណោយទៅជូនកងទ័ពវរសេនាតូច៥០៩ស្រុកសំឡូតក្នុងនាមសម្ព័ន្ធមេត្រីភាពជាហូរហែរ កន្លងមកផងដែរ។
ថ្ងៃនេះលោកនិងសហការី រួមនឹងសប្បុរស់ជន អាជីវករបាលមូលមតិគ្នា និងបានជាលើកទី២ ដោយបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគផ្ទះបាយនិងថវិកាមកចែកជូនដល់វគ្គហ្វឹកហ្វឺនដែលសិក្ខាកាមទាំងនោះមាន កម្លាំងជានគរបាលការពារព្រំដែននិងកងទ័ពជួមុខ ដែលកំពុងសិក្សារៀនសូត្រនៅទីលានបាញ់គ្រាប់ពិតនេះនិងជួយសម្រាលក្នុងការហូបចុករបស់សិក្ខាកាមកងកម្លាំងទាំងអស់ ស្របពេលដែលទីលាននេះត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ។
អំណោយដែលបានមកពីសប្បុរសជននាំយកមកចែកជូននាពេលនេះមាន គ្រឿងបរិភោគជាច្រើនមុខ គតិជាទឹកប្រាក់ប្រមាណ១០លានរៀល ថ្នាំពេទ្យជាច្រើនមុខរបស់ក្រុមហ៊ុននានាមានតម្លៃជាង៩លានរៀល និងថវិកាឧត្ថមជិត១០លានរៀលគិតទាំងចែកថវិកាដល់សិក្ខាកាមដែលមកហ្វឹកហ្វឺនទាំងអស់ក្នុងម្នាក់ៗបានទទួល២ម៉ឺនរៀលបន្ថែម សរុបការចំណាយទាំងអស់ប្រមាណជិត៣០លានរៀលច្រើនជាងមុន។
លោកឧត្តមសេនីយ៍ឯក ប៊ុនសេង ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពាជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោកនិងក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងអំណរគុណដល់ដល់លោក ខាន់ ម៉ាណេរបានដឹកនាំប្រតិភូ សប្បុរសជនជាច្រើនាក់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនាំអំណោយគ្រឿងបរិភោគនិងថវិកាមួយចំនួនធំមកចែកជូនសិក្ខកាមនាពេលនេះរវាងអង្គភាពស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នេះជាលើកទី២សម្រាប់លោក និងជាលើកទី៥ ហើយដែលសប្បុរសជនបានជួយដល់ទីលានបាញ់គ្រាប់ពិតនេះ។
លោក ប៊ុន សេង ក៏បានបញ្ជាក់ជម្រាបប្រាប់ប្រតិភូថា នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោសែនភ្នំវាលចាបនេះ បានកសាងឡើងដោយមានការជួយឧត្តមគាំទ្រគ្រប់បែបយ៉ាងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈក្រសួងការពារជាតិតាំងពីដើមរហូតមកទល់ពេលនេះព្រមទាំងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ខែមិថុនានេះ។
លោកមេបញ្ជាការបានបញ្ជាក់ទៀតថា ទំហំដីដែលព័ទ្ធជុំវិញទីលាននេះ មានព័ឲទ្ធដោយភ្នំផងគឺមានទំហំជាង៦០០ហិកតា ជាកន្លែងធំល្អលំដាប់ទី២ក្នុងប្រទេសយើង និងមានអំណោយផលដល់ការសាងសង់ទីលាននេះឡើងសម្រាប់ធ្វើការហ្វឹកហ្វឺនដល់សិក្ខាកាមជាយោធិនកម្លាំងប្រដាប់ផ្សេងទៀតបានគ្រប់ជំនាន់ផងដែរ ហើយមានអំណោយផលប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងរដូវវស្សានិងរដូវប្រាំងផង។
លោក ប៊ុន សេង បានរំលឹកពីប្រវត្តិទីលាននេះ បានកើតឡើងតាំងសម័យអាណានិគមបារាំងគេហៅ( វាយចាប់ ) ក្រោយមក គេហៅថា វាលចាប និងក៏ជាកន្លែងតស៊ូរបស់ខ្មែរឥស្សរៈ ក្នុងជំនាន់នោះក៏មានសម្តេច ហេង សំរិន ធ្លាប់មករស់នៅតស៊ូនៅទីនេះផងដែរ។
បន្ទាប់ពីសំណេះសំណាលចប់លោកមេបញ្ជាការ មេបញ្ជាការង និងគណៈប្រតិភូសប្បុរស់ជនបានចែកអំណោយជានិមិត្តរូប និងចែកថវិកាដល់សិក្ខាកាមផង ព្រមទាំងពិសារបាយសាមគ្គីនៅលើភ្នំជាមួយគ្នា១ពេលបង្កើតភាពស្និទ្ធស្នាលរវាងកងកម្លាំងនិងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិលទាំងអស់គ្នាផងដែរ៕