(អឺរ៉ុប)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានព្រមានថា ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប នឹងអាចគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ «នយោបាយរបស់ប្រទេសលោកខាងលិច»។ ការព្រួយបារម្ភនោះគឺថា អឺរ៉ុបអាចនឹងនៅមួយផ្នែកបន្ទាប់ពីអង់គ្លេសចាកចេញ ហើយប្រទេសមួយចំនួនផ្សេងទៀត អាចនឹងមានការធ្វើប្រជាមតិស្តីពីការចាកចេញពីអង់គ្លេសស្រដៀងគ្នានេះផងដែរ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Washington Post ចេញផ្សាយពេលថ្មីៗនេះ។
ក្រៅពីការប៉ះទង្គិចដ៏ធ្ងន់ធ្ងរនៅអឺរ៉ុប, ប្រទេសធំៗនៅអាមេរិកឡាទីនដូចជា ម៉ិចស៊ិកូ ប្រេស៊ីល អាហ្សង់ទីន ស៊ីលី និង អ៊ុយរ៉ាហ្គាយ ជាដើម បានសម្តែងការ ព្រួយបារម្ភ និងខ្លះទៀតបានសម្រេចចិត្តកាត់បន្ថយថវិកាជាតិ ត្រៀមទុកដោះស្រាយហានិយភ័យជាមុន ចំពោះការចាកចេញរបស់អង់គ្លេសពី EU ដែលបាននឹងកំពុងជះផលអាក្រក់រួចទៅហើយ ដល់ស្ថិរភាពទីផ្សារហិរញ្ញវត្ថុសកលលោក។
The Washington Post បានចេញផ្សាយថា តាមទស្សនៈប្រជាពលរដ្ឋនៅតាមប្រទេសនិមួយៗ និងការវិភាគផងនោះ គឺមានប្រទេសចំនួន៧ផ្សេងទៀត អាចជាប្រទេសបន្ទាប់ពីអង់គ្លេស ដែលត្រូវចាកចេញពីសហភាពអឺរ៉ុប៖
១៖ ប្រទេសស៊ុយអែត
ទស្សនៈរបស់ប្រជាជនស៊ុយអែត គឺស្រដៀងនឹងប្រជាជនអង់គ្លេស។ ស៊ុយអែតបានបដិសេធក្នុងការណែនាំប្រាក់អឺរ៉ូជារូបិយវត្ថុរបស់ខ្លួន។ នៅក្នុងនយោបាយ របស់អឺរ៉ុប អង់គ្លេស និងស៊ុយអែត តែងតែឯកភាពលើគ្រប់បញ្ហាទាំងអស់ ៩០ ភាគរយ។ ក៏ប៉ុន្តែការចាកចេញរបស់អង់គ្លេស នឹងបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងប្រទេសស៊ុយអែត។ ប្រទេសស៊ុយអែតនឹងអាចមានការផ្លាស់ប្តូរប្រសិនបើអង់គ្លេសចាកចេញ។ សំណួរមួយនោះគឺថា តើមេដឹកនាំអឺរ៉ុប នឹងព្យាយាមពង្រឹង ការរួបរួមតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្តោតលើសមាជិកស្នូលមួយចំនួន ឬថា តើត្រូវបន្ធូរបន្ថយ និងអនុញ្ញាតឱ្យរដ្ឋាភិបាល របស់ជាតិមានការបញ្ចេញសម្លេងកាន់តែខ្លាំងឬយ៉ាងណា។
២៖ ប្រទេសដាណាម៉ាក
ដាណាម៉ាកបានធ្វើប្រជាមតិកាលពីខែធ្នូឆ្នាំមុន ហើយប្រជាជនប្រទេសនេះបានប្រឆាំងទៅនឹងការផ្តល់អំណាចកាន់តែខ្លាំងដល់សហភាពអឺរ៉ុប។ ក៏ប៉ុន្តែ កត្តានេះមិនទាន់អាចសន្និដ្ឋានបានថា ប្រជាជនដាណាម៉ាក នឹងចង់ចាកចេញពីសហភាពអឺរ៉ុប ឬយ៉ាងណានោះទេ។ ជាការពិត ប្រជាជនអឺរ៉ុបភាគច្រើនគិតថា ទីក្រុង Brussels មិនគួរមានអំណាចខ្លាំងយ៉ាងនេះទេ។
ប្រជាជនដាណាម៉ាកមានការព្រួយបារម្ភថា ការហូរចូលនៃជនភៀសខ្លួនអាចនឹងគំរាមកំហែងដល់ប្រព័ន្ធសុខមាលភាពរបស់ប្រទេសតូចនេះ ហើយកន្លងមក ខ្លួនបានពឹងផ្អែកលើអង់គ្លេសនៅក្នុងការចរចាជាមួយអឺរ៉ុប ដោយសារតែប្រទេសទាំងពីរនេះមានជំហរនយោបាយស្រដៀងគ្នា។ អ្នកវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យ Copenhagen លោកស្រី Marlene Wind បាននិយាយថា បើពុំមានអង់គ្លេសទេ ដាណាម៉ាកគ្មានក្បាលម៉ាស៊ីនដើម្បី ទាញផលប្រយោជន៍ដល់ប្រជាជនខ្លួនទេ។
៣៖ ប្រទេសក្រិក៖
វិបត្តិបំណុលរបស់រដ្ឋាភិបាលក្រិក បានចាកចេញពីការជជែកដេញដោលជាសាធារណៈស្ទើរតែទាំងស្រុង ក៏ប៉ុន្តែវិបត្តិនេះនឹងត្រឡប់មកវិញយ៉ាងឆាប់រហ័ស។ កាសែត Kathimerini របស់ក្រិកព្រួយបារម្ភថា វិបត្តិដែលកំពុងកើតមាន ជាមួយនឹងការចាកចេញរបស់អង់គ្លេស អាចនឹងក្លាយជាការគំរាមកំហែងមួយ ដល់សមាជិកភាពរបស់ក្រិកនៅសហភាពអឺរ៉ុប។
អ្នកសិក្សាស្រាវជ្រាវពីវិបត្តិនយោបាយនៅក្រុមហ៊ុន Teneo Intelligence លោក Wolfango Piccoli ត្រូវបានគេដកស្រង់សម្តីថា ក្រិកមានការពឹងផ្អែកជាខ្លាំង ពីការចែករំលែកជួយសង្រ្គោះពីប្រទេសចាយប្រាក់អឺរ៉ូ ក៏ប៉ុន្តែនៅពេលដែលអង់គ្លេសចាកចេញ វានឹងបង្កើតបញ្ហាលំបាកមួយ។ ដូច្នោះអ្វីដែលក្រិកមានការ ព្រួយបារម្ភខ្លាំងនោះ គឺថាសហភាពអឺរ៉ុបអាចនឹងលែងគិតគូខ្លួន ហើយងាកទៅជួយបង្រួបបង្រួមសមាជិកដែលនៅសល់។
៤៖ ប្រទេសហូឡង់
ការសែត Algemeen Dagblad របស់ហូឡង់ បានបញ្ចេញសារមួយយ៉ាងច្បាស់ ដែលជាចំណងជើងនៅលើទំព័រកាសែត សម្រាប់អង់គ្លេសថា «កុំទុកខ្ញុំចោលក្នុងស្ថានភាពបែបនេះ»។ ក៏ប៉ុន្តែនេះមិនអាចឆ្លុះបញ្ចាំងថា តើហូឡង់គិតយ៉ាងណានៅឡើយទេ ចំពោះសហភាពអឺរ៉ុបនោះ។
លោក Geert Wilders ប្រធានបក្សស្តាំនិយមរបស់ហូឡង់បានគាំទ្រចំពោះការចាកចេញរបស់អង់គ្លេស ហើយសង្ឃឹមថា ការធ្វើប្រជាមតិស្រដៀងគ្នានេះ នឹងអាចកើតមានឡើងនៅក្នុងប្រទេសហូឡង់។ គាត់បន្តថា «ប្រសិនបើយើងចង់រស់ជាប្រទេសមួយ យើងត្រូវតែបញ្ឈប់អន្តោប្រវេសន៍ និងអ៊ីស្លាមភាវូបនីយកម្ម។ លោក Wilders បាននិយាយថា «យើងមិនអាចធ្វើរឿងនេះនៅក្នុងសហភាពអឺរ៉ុបបានទេ»។
៥៖ ប្រទេស ហុងគ្រី
នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban កំពុងតែមានផែនការរៀបចំការធ្វើប្រជាមតិមួយនៅក្នុងប្រទេសហុងគ្រី ដែលនឹងអាចប៉ះពាល់ដល់ការរួបរួម របស់សហភាពអឺរ៉ុប។ បន្ទាប់ពីមានលំហូរចូលនៃជនភៀសខ្លួនកាលពីឆ្នាំមុន ប្រទេសហុងគ្រីនឹងត្រូវសួរដើម្បីសម្រេចថា តើសហភាពអឺរ៉ុបគួរតែត្រូវបាន អនុញ្ញាតឱ្យដោះស្រាយវិបត្តិជនភៀសខ្លួននោះដែរ ឬយ៉ាងណា នៅពេលដែលពុំមានការយល់ព្រមគ្រប់គ្រាន់ពីសភាជាតិនោះ។
នៅក្នុងប្រទេសហុងគ្រី ការធ្វើប្រជាមតិគឺប្រហែលជាសំដៅលើការចាកចេញ ឬក៏នៅជាមួយសហភាពអឺរ៉ុប ជាជាងការធ្វើប្រជាមតិដែលរៀបចំ ឡើងដោយផ្ទាល់ស្តីពីអំណាចរបស់ទីក្រុង Brussels។
៦៖ ប្រទេសបារាំង
ប្រជាជនបារាំង ៦១ភាគរយ មានទស្សនៈមិនគាំទ្រសហភាពនោះទេ។ ក្រៅពីអាឡឺម៉ង់ បារាំងគឺជាកម្លាំងជំរុញមួយរបស់ទ្វីបអឺរ៉ុប។ ក៏ប៉ុន្តែបារាំងក៏ប្រឈមទៅ នឹងបញ្ហាមួយចំនួនផងដែរ ដូចជា បញ្ហាសេដ្ឋកិច្ច និងការគំរាមកំហែងភេរវកម្ម។ បញ្ហាទាំងអស់នេះ គឺត្រូវបានស្តីបន្ទោសសហភាពអឺរ៉ុប ឬក៏ស្ថានភាពដែល បង្កើតឡើងដោយសមាជិករបស់សហភាពអឺរ៉ុប។
៧៖ ប្រទេស Scotland
ប្រទេស Scotland បានបោះឆ្នោត ស្ថិតនៅជាផ្នែកមួយរបស់អង់គ្លេសកាលពីឆ្នាំ ២០១៤ ក៏ប៉ុន្តែ ប្រទេសនេះបានគាំទ្រសហភាពអឺរ៉ុប។ នាយករដ្ឋមន្រ្តី Scotland លោក Nicola Sturgeon បាននិយាយថា ការពិភាក្សាគួរត្រូវបានធ្វើឡើងក្នុងករណីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
ដោយឡែកចំណែកប្រទេស អៀរឡង់ខាងជើង នឹងធ្វើប្រជាមតិផ្ដាច់ចេញពីចក្រភពអង់គ្លេសដែរ ដើម្បីបង្រួបបង្រួម អៀរឡង់ខាងជើង និងអៀរឡង់ខាងត្បូង ក្រោយពីប្រទេសនេះ ត្រូវបានបែងចែកដោយសារជម្លោះឆ្នាំ១៩២២៕