(កោះកុង)៖ ឪពុកចុងដែលល្មោភតណ្ហាមួយរូប បានចាប់រំលោភកូនដើម តាំងពីកាលរស់នៅក្នុងខេត្តកំពង់ចាម រហូតមករស់នៅខេត្តកោះកុង ដែលធ្វើអោយម្តាយក្មេងស្រីទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួននៅវេលាម៉ោង១០យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៣ សង្កាតស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការឃាត់ខ្លួន និងរំដោះក្មេងស្រីដែលឪពុកចុងបង្ខាំងក្នុងបន្ទប់ ប្រុងចាប់រំលោភទៀតនោះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក មីន រស្មី អធិការរងក្រុងខេមរភូមិន្ទ រួមជាមួយនឹងមន្រ្តីក្រោមឱវាទ។
លោក មីន រស្មី អធិការរងក្រុងបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាមៗ លោកក៏បានចាត់កម្លាំងចុះជួយក្មេងស្រីរងគ្រោះឲ្យរួចផុតពីក្នុងបន្ទប់ដោយសុវត្តិភាព ហើយធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកចុងបានភ្លាមៗផងដែរ។
លោក មីន រស្មី បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងដែលជាជនល្មោភកាមរូបនេះមានឈ្មោះ ឡោ សារ៉ាយ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅ ភូមិគោកព្រីង ស្រុកចំការលើ ខេត្តកំពង់ចាម មានមុខរបរលក់ការ៉េម រីឯម្តាយក្មេងស្រីរងគ្រោះវិញមានឈ្មោះ គ្រឿង វាសនា អាយុ៣៥ឆ្នាំ ចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ យ.ឧ.ស អាយុ១៥ឆ្នាំ មានមុខរបរលក់ស្រាបៀរនៅក្លឹបកំសាន្តអិុចស្តារ។
លោកបានបន្តថាក្រោយពីធ្វើការសាកសួរឪពុកជាជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភមែនតាំងពីក្រុមគ្រួសាររស់នៅខេត្តកំពង់ចាម រហូតដល់ខេត្តកោះកុង។
ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាងបានចាប់នាងរំលោភតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ តាំងពីខេត្តកំពង់ចាម រហូតដល់មករស់នៅខេត្តកោះកុង ហើយទង្វើដ៏អាក្រករបស់ឪពុកចុងគឺរាប់ភ្លេចហើយឲ្យតែម្តាយមិននៅផ្ទះ ហើយធ្លាប់គំរាមថា បើបែកការនឹងអារកសម្លាប់ទាំងម្តាយ និងកូនទើបនាងលាក់ម្តាយរហូតខ្លាចឪពុកចុងសម្លាប់ ហើយខ្លួន ដល់មានផ្ទៃពោះ១ខែទើបបែកការហើយទ្រាំលែងបានអំពើឃោឃៅទើបប្រាប់ម្តាយ។
ហើយនៅយប់ថ្ងៃទី២៥ ខែមិថុនានេះ ឪពុកចុងបានចាប់នាងឲ្យចូលបន្ទប់ ហើយដេញឲ្យម្តាយទៅទិញកាតទូរស័ព្ទប្រុងចាប់រំលោភទៀត តែម្តាយដឹងសកម្មភាពមុន ក៏បានទៅប្តឹងសមត្ថកិច្ចតែម្តង។
ចំពោះករណីខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕