(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៣ របស់ក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងធម្មការ និងសាសនា។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វាយប្រគេន ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងមន្ត្រីរាជការ ដោយសេចក្តីនឹរលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា គ្រប់លំដាប់ថ្នាក់ បានរួមសហការគ្នា ក្នុងការអនុវត្តការងារទទួលបានជោគជ័យគួរជាទីមោទនៈ។
ទន្ទឹមនឹងនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកឡើងអំពីជោគជ័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការគ្រប់គ្រងកូវីដ១៩ និងសមិទ្ធិផលថ្មីៗរបស់រាជរដ្ឋាភិបាលសម្រេចបាន ក៏ដូចជាជោគជ័យការទូត នៅឆាកអន្តរជាតិ និងជោគជ័យនៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសំណូមពរដល់ ក្រសួងធម្មការ និងសាសនា រួមជាមួយព្រះសង្ឃគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន ពាក់ព័ន្ធត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ចំណេះដឹង និងសមត្ថភាព តាមរយៈ ការពង្រឹងពុទ្ធិកសិក្សា គោរពឲ្យបានខ្ជាប់ខ្ជួននូវព្រះធម៌វិន័យ និងអប់រំ ផ្សព្វផ្សាយឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើងឱ្យបានទូលំទូលាយ និងទំនៀមទម្លាប់ ប្រពៃណីដ៏ល្អប្រពៃរបស់ជាតិ សំដៅជៀសវាងឲ្យបាននូវបាតុភាពអសកម្មនានា ព្រោះព្រះពុទ្ធសាសនា ជាសាសនា ដែលមានលក្ខណៈវិទ្យាសាស្រ្ត មានហេតុផលច្បាស់លាស់ ។
លោកស្រី ម៉ែន សំអន បានបន្តទៀតថា មន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ រួមគ្នាថែរក្សាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេស ហើយមន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវពុះពារគ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម និងរួមគ្នាដោះស្រាយនូវអធិករណ៍ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាននីមួយៗ៕