(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា «ស.ស.យ.ក» ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលប្រមាណជាង៣០០នាក់ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានទទួលកិត្តិយសចូលរួម ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកសាស្ត្រាចារ្យជំនួយ អៀង រ័ត្នមុនី បានអាននូវរបាយការណ៍ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ យុវជនស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ បានថែ្លងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីនេះ។

សាកលវិទ្យាធិការ បានជម្រាបជូនអង្គពិធីពីប្រវត្តិ និង ដំណើរការនៃការចូលរួមសកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលសកម្មភាពទាំងនោះ បានចូលរួមចំណែកជួយដល់និស្សិត ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ ក្នុងការពង្រឹងសមត្ថភាពទាំងជំនាញរឹង និងជំនាញទន់បន្ថែមពាក់ព័ន្ធនឹងការងារទំនាក់ទំនង ការដោះស្រាយបញ្ហា ការដឹកនាំ ការចូលរួមការងារសហគមន៍ ការរៀបចំសិក្ខាសាលា និងការចូលរួមរៀបចំព្រឹត្តការណ៍នានា។

លោក ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍ និងសូមអរគុណចំពោះប្អូនៗនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានស្ម័គ្រចិត្តចូលរួមជាមួយនឹងក្រុមគ្រួសារស.ស.យ.ក.។ លោកប្រធាន បានលើកឡើងពីប្រវត្តិនៃសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអត្ថន័យខ្លឹមសារនៃនិមិត្តសញ្ញា របស់ស.ស.យ.ក។

បន្ថែមពីនោះ លោកប្រធាន បានចែករំលែកនូវមេរៀនជីវិតពិតរបស់លោកផ្ទាល់ រួមទាំងការផ្តល់នូវអនុសាសន៏ជាគន្លឹះសំខាន់ៗនានា ដើម្បីជាមគ្គុទេសន៍ និងជាត្រីវិស័យសម្រាប់ប្អូនៗជាសមាជិក សមាជិកា របស់ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

លោក ហ៊ុន ម៉ានី ក៏បានពន្យល់ជូនអំពីយុទ្ធសាស្ត្រ 3Cs ដែលតំណាងឲ្យ C1: ប្រជាជនខ្មែរតែមួយ (Cambodianess) C2: ប្រជាជនប្រកបដោយសមត្ថភាព (Competency) C3: ប្រជាជនពោរពេញដោយធម៌ (Compassion)។ លោក ហ៊ុន ម៉ានី បានផ្តល់កិត្តិយសថតរូបអនុស្សាវរីយ៍ និងចុះហត្ថលេខាលើសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ជូននិស្សិតចូលរួម។

សូមជម្រាបផងដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ បានបញ្ចូលសមាជិក សមាជិកាស.ស.យ.ក ជាមន្រ្តី បុគ្គលិក ចំនួន ៨១ នាក់ និងសមាជិក សមាជិកាស.ស.យ.ក ជានិស្សិត ចំនួន ៣,១៥២ នាក់ ស្មើនឹង៥០.៧៧ % នៃនិស្សិតសរុប នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៕