(កណ្ដាល)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១១០ កន្លែង របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ផ្តល់ជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល។
ពិធីនេះមានការចូលរួមពី អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក, ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ, គណៈកម្មាធិការគណបក្សស្រុក, ប្រធានគណៈកម្មាធិការគណបក្សឃុំ, នាយក នាយករង នៃវិទ្យាល័យទាំង៤ ក្នុងស្រុកខ្សាច់កណ្តាល និងសិស្សចាប់អាហារូបករណ៍សរុបចំនួន ៣៣០ នាក់។
សិស្សដែលបានចូលរួមចាប់ឆ្នោតអាហារូបករណ៍នៅព្រឹកនេះ គឺមានចំនួន ២៧០ នាក់។ ចំពោះលទ្ធផលនៃចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១១០ កន្លែង ដែលផ្តល់ជូនដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី គឺបានទៅលើសិស្សនៃវិទ្យាល័យទាំង៤ក្នុងស្រុកខ្សាច់កណ្ដាល ក្នុងនោះវិទ្យាល័យ ហ៊ុន សែន ROTA ទទួលបានអាហារូបករណ៍ចំនួន ១០ នាក់ ស្រី ០៧ នាក់, វិទ្យាល័យ ហ៊ុន សែន បានដាវ ទទួលបានអាហារូបករណ៍ចំនួន ០៧ នាក់ ស្រី០១នាក់, វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ទទួលបានអាហារូបករណ៍ចំនួន ៥៣ នាក់ ស្រី ៣៣ នាក់, និងវិទ្យាល័យព្រែកលួងទទួលបានអាហារូបករណ៍ចំនួន ៤០ នាក់ ស្រី ១៩ នាក់។
លោកបណ្ឌិត កៅ ថាច បានពាំនាំនូវបណ្ដាំសាកសួរសុខទុក និងការនឹករលឹកពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ជូនដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលឧត្តមអគ្គបណ្ឌិតសភាចារ្យ តែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ទាំងការសិក្សានៅចំណេះទូទៅ និងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយបានផ្តល់ជូននូវអាហារូបករណ៍ជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះ គឺបានផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១១០ កន្លែង សម្រាប់ស្រុកខ្សាច់កណ្តាល។
លោកបណ្ឌិត កៅ ថាច ក៏បានណែនាំ និងផ្តល់នូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការសិក្សានៅសកលវិទ្យាល័យ ជូនដល់ក្មួយៗសិស្សទាំងអស់ សម្រាប់ជាត្រីវិស័យក្នុងការ បន្តការសិក្សានៅសកលវិទ្យាល័យ ឲ្យទទួលបានជោគជ័យ ដែលក្នុងនោះលោកបណ្ឌិត បានណែនាំឲ្យសិស្សទាំងអស់កំណត់គោលដៅសម្រាប់សិក្សា ឲ្យបានច្បាស់លាស់ ដោយមិនត្រូវផ្លាស់ប្តូរមុខវិជ្ជាសិក្សានៅពាក់កណ្តាលទី និងត្រូវរៀនសង្កេតអំពីព័ត៌មានឲ្យបានច្រើន ទាំងព័ត៌មានក្នុងប្រទេស និងសកលលោក ព្រមទាំងចំណេះដឹងផ្នែកភាសារបរទេសផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានឧបត្ថម្ភថវិកាចំនួន ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ ជូនដល់អ្នកដែលបានចូលរួមនាឱកាសនោះផងដែរ៕