(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៥ខ្នង ស្មើនិង៨គ្រួសារ នៅជាប់នឹងសណ្តរស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី១៨ មករា ឆ្នាំ២០២៣នេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាយកទៅប្រគល់ជូន ដើម្បីដោះស្រាយការលំបាក ខណៈផ្ទះរបស់ពួកគាត់បានលិចចូលក្នុងទឹកស្ទឹង ដោយការស្រុតដី កាលពីប៉ុន្មានម៉ោងមុន។

ផ្ទះចំនួន០៥ខ្នងនេះ មានប្រជាពលរដ្ឋរស់នៅទាំងម្ចាស់ផ្ទះពិត និងផ្ទះជួលចំនួន៨គ្រួសារ ហើយក្នុងចំនួន៨គ្រួសារ គឺមួយគ្រួសារទទួលបានអង្ករ ១បាវ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ ខ្នើយ តង់ កន្ទេល សម្ភារៈផ្ទះបាយមួយឈុត និងថវិកាចំនួន៥០ម៉ឺនរៀល ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

នេះជាការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ទៅតាមការណែនាំរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពោលគឺខណៈទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋរងគ្រោះ ដោយផ្ទះរបស់ពួកគាត់ បាក់ចូលទឹកស្ទឹងនោះ លោក ឃួង ស្រេង និងលោកតំណាងរាស្រ្ត លី ឆេង ព្រមទាំងអាជ្ញាធរ ក៏បានចុះមកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចទាំងទ្វេមកប្រគល់ជូនភ្លាមៗតែម្តង។

ប្រជាពលរដ្ឋទាំង៥ខ្នងផ្ទះនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចទាំងទ្វេ ដែលបានប្រគល់អំណោយជូនពួកគាត់បានទាន់ពេល។ ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតតទៅ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ទី១៨ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងស្មើនឹង៨គ្រួសារ បានលិចចូល ក្នុងស្ទឹងព្រែកត្នោត ដោយការបាក់ស្រុតដីនៅច្រាំងស្ទឹង ហើយអ្វីដែលសំខាន់ពួកគាត់មិនអាចប្រមូលអីវ៉ាន់ និងសម្ភារចាំបាច់បានទាន់ពេលនោះទេ ពោលគឺសម្ភារ និងរបស់របរនៅជាប់ក្នុងផ្ទះ ត្រូវលិចចូលទៅក្នុងស្ទឹងបាត់ទាំងអស់៕