(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានចាត់ឲ្យនាយកដ្ឋានមេធាវីការពារក្តីជនក្រីក្រ ចុះទៅជួប និងការពារក្តីជូនជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដែលត្រូវរថយន្តធុនធំបុកបណ្តាលឲ្យរបួសរហូតធ្លាក់ខ្លួនពិការនៅខេត្តបាត់ដំបង ប៉ុន្តែមិនទាន់ទទួលបានសំណងនៅឡើយរហូតមកដល់ពេលនេះ ពោលមានរយៈជិត១ឆ្នាំមកហើយ។
មេធាវីនាយកដ្ឋានការពារក្តីជនក្រីក្រ បានប្រាប់នៅល្ងាចថ្ងៃនេះថា ក្រោយឃើញសារព័ត៌មាន Fresh News ចុះផ្សាយករណីនេះភ្លាម លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់ឲ្យ មេធាវីចុះទៅជួប និងជួយការពារក្តីជូនជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដោយមិនគិតប្រាក់នោះឡើយ ស្របតាមគោលការណ៍របស់គណៈមេធាវីកម្ពុជា ដែលជួយការពារក្តីជូនក្រីក្រទាំងឡាយ។
សូមបញ្ជាក់ថា លោកមេធាវី លី ច័ន្ទតុលា បានដាក់ចេញគោលនយោបាយ ស្តីពីការពិគ្រោះយោបល់ និងការពារក្តីជូនជនក្រីក្រដោយគិតកម្រៃ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយទទួលបានការចាត់តាំងភ្លាម ប្រតិភូគណៈមេធាវី ប្រចាំសាលាដំបូងបាត់ដំបង ចុះទៅជួបជាមួយជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលរស់នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើជាមេធាវីស្របច្បាប់ការពារក្តីជូនពួកគេ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅខេត្តបាត់ដំបង រហូតធ្លាក់ខ្លួនពិការ។
សូមបញ្ជាក់ថា កម្មករស៊ីឈ្នូលបើករថយន្ត២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយបើកបុករងបួសយ៉ាងធ្ងន់ធ្ងរព្យាបាលជិតមួយឆ្នាំមិនទាន់ជាសះស្បើយនោះទេ ហើយគិតមកដល់ពេលនេះ ជនរងគ្រោះទាំង២នាក់ មិនទាន់ទទួលបានសំណងពីអ្នកបើករថយន្តបង្កនៅឡើយទេ។
ជាមួយនឹងស្ថានភាពដ៏លំបាកសម្រាប់ជីវភាពរបស់ខ្លួន ដោយសារធ្លាក់ខ្លួនពិកាផងនោះ ជនរងគ្រោះទាំង២នាក់ សូមទទូចឲ្យតុលាការខេត្តបាត់ដំបង ពន្លឿនសំណុំរឿងដើម្បីទទួលបានសំណងយកមកព្យាបាលរបួស និងជំងឺបន្ត ទៀត ព្រមទាំងដោះស្រាយជីវភាពប្រចាំថ្ងៃព្រោះខ្លួនអស់លទ្ធភាពហើយ។
លោក វ៉ាន់ ពៅ អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សាំង សារ៉ាន់ អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ពួកគាត់ជាជនរងគ្រោះដោយកាលពីយប់ម៉ោង ៨៖១៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ពួកគាត់ជាកម្មករស៊ីឈ្នួលបើករថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3D-4776 បើកបរលើផ្លូវជាតិលេខ៥៩ ទិសដៅពីត្បូងទៅជើង។
ពេលដល់ចំណុចកើតហេតុ នៅភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រាប់តែមានមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-2376 ជារថយន្តរបស់ឈ្មោះ ញ៉ែប សុខសាន្ត បើកបរទិសដៅ ពីជើង ទៅត្បូងបញ្ច្រាស់ទិសគ្នា ហើយបានរេចង្កូតទៅបុករថយន្តរបស់ពួកគាត់ដែលកំពុងបើកបរកន្លងផ្លូវផ្នែកខាងស្តាំដៃធម្មតា។
ស្រ្តីជាប្រពន្ធ សាំង សារ៉ាន់ បញ្ជាក់ថា ក្រោយពេលកើតហេតុ ឈ្មោះ វ៉ាន់ ពៅ ដែលជាប្តីរបស់គាត់កៀបជាប់នឹងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានអ្នកស្រុកនាំគ្នាទាញទ្វាររថយន្តដើម្បីយកចេញ ចំណែកគាត់វិញ ដែលរួមដំណើរជាមួយប្តី បានផ្តោងចេញតាមកញ្ចក់រថយន្តធ្លាក់ទៅលើដីតែរងរបួសស្រាល។
អ្នកស្រី សាំង សារ៉ាន់ បន្ថែមថា ក្រោយពេលទៅដល់មន្ទីរពេទ្យប្តីរបស់ខ្លួនសន្លប់បាត់បង់ស្មារតី រងរបួសធ្ងន់ធ្ងរ ដោយជើងត្រូវបែកឆ្អឹង និងឆ្អឹងផាលត្រគៀក ត្រូវបានបាក់ស្រាំប្រេះ ធ្វើការវះកាត់ ដេររាប់រយថ្នេរ រហូតដល់ពេលនេះ ប្តីរបស់អ្នកស្រី ដូចមនុស្សពិការនៅមិនទាន់អាចធ្វើការអ្វីបាននៅឡើយទេ សូម្បីតែក្រោកឈរក៏ពិបាកដែរ។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីសាលាដំបូងខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះថា តំណាងអយ្យការប្រគល់តែកន្ទុយសណ្តោង តែប៉ុណ្ណោះ ចំណែករថយន្តនៅរក្សាទុកនៅនគរបាលរហូតមកដល់ពេលនេះ។
លោកបានបញ្ជាក់ថា «រីឯចំណាត់ការយើងបានចាត់ការជាបន្តបន្ទាប់។ ពេលនេះដល់ដំណាក់កាលពិនិត្យលើការចោទប្រកាន់ហើយ»៕