(រតនគិរី)៖ លោក អោក រតនៈ តំណាងម្ចាស់ការដ្ឋានពុះដីឡូត៍មួយកន្លែង ក្នុងភូមិប៉ាជន់ធំ ឃុំឯកភាព ស្រុកអូរជុំ សូមឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ដែលចុះផ្អាកដោយសារចាក់អាចម៌ដីលើចំណីផ្លូវជាតិ ចុះត្រួតពិនិត្យក្រោយកាយអាចម៌ដីចេញវិញផង ដើម្បីឲ្យពួកគាត់អាចបន្តសកម្មភាពរកស៊ីឡើងវិញ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អោក រតនៈ ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។
លោកថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កន្លងទៅ មានក្រុមការងារមួយក្រុមដឹកនាំដោយតំណាងអយ្យការអមសាលាដំបូង ចុះទៅការដ្ឋានរបស់លោក រួចបានណែនាំឲ្យផ្អាកសកម្មភាពបណ្តោះអាសន្នសិន៖
*ទី១៖ ម្ចាស់ការដ្ឋានចាក់អាចម៌ដីលើចំណីផ្លូវខ្ពស់ជាងផ្លូវជាតិ ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន គ្មានការអនុញ្ញាតពីមន្ត្រីជំនាញ
*ទី២៖ សាងសង់សាយឡូត៍ (កន្លែងចាក់លាយបេតុង) គ្មានច្បាប់អនុញ្ញាត។
លោក អោក រតនៈ បញ្ជាក់ឲ្យដឹងទៀតថា ដោយមានការណែនាំពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងមន្ត្រីមន្ទីរសាធារណខេត្តរតនគិរី ផ្អាកសកម្មភាពទាំងអស់ដោយទុកពេលចំនួន៣ថ្ងៃ ប៉ុន្តែខាងម្ចាស់ការដ្ឋានសុំពេល៧ថ្ងៃ កាយអាចម៍ដីចេញពីចំណីផ្លូវជាតិរួចរាល់រហូតមកដល់ថ្ងៃនេះមានរយៈពេល៨ថ្ងៃហើយ មិនឃើញក្រុមការងារដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ចុះមកត្រួតពិនិត្យដើម្បីបន្តអាជីវកម្មឡើងវិញព្រោះថា ក្នុងមួយថ្ងៃៗត្រូវការចំណាយច្រើនណាស់ចំណាយលើកម្មករ បញ្ហាផ្សេងៗទៀត។
លោក ឃឹម រមនី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដែលបានចុះប្រតិបត្តិការផ្ទាល់កាលពីពេលកន្លងទៅ បានឲ្យដឹងនៅព្រឹកថ្ងៃដដែលនេះថា ខាងជំនាញ បានពិនិត្យឃើញថាម្ចាស់ការដ្ឋានគោរពតាមការណែនាំរួចហើយ ប៉ុន្តែខាងតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីរវល់។
ទាក់ទិនទៅនឹងទុកការដ្ឋានពុះដីឡូត៍ចោលនេះ លោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ថា ដល់ពេលចុះត្រួតពិនិត្យមើល ខ្ញុំរវល់សវនាការ។ បញ្ហាបណ្តឹងដីធ្លីចាត់ឲ្យក្រឡាបញ្ជីទៅតែឯងមិនកើត បើសិនគាត់ចុះទៅពេលណានោះនឹងប្រាប់តាមក្រោយ៕