(ស្ទឹងត្រែង)៖ អគារសិក្សាចំនួន១ខ្នង មានចំនួន៥បន្ទប់ ក្រោមជំនួយគាំទ្ររបស់អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ត្រូវបានសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

ការសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីនេះ ធ្វើឡើងក្នុងបរិវេនសាលាបឋមសិក្សាសំអាង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គការភ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង អភិបាលស្រុកថាឡាបរិវ៉ាត់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋភូមិសំអាង ជាច្រើននាក់។

លោក ផែន ប៊ុនធឿន ប្រធានប្រតិបត្តិកម្មវិធីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាប្រចាំខេត្តស្ទឹងត្រែង បានលើកឡើងថា អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៏មួយដែលផ្តោតសំខាន់លើកុមារ ហើយទុកកុមារជាបេះដូង ដែលយើងធ្វើអ្វីៗគ្រប់យ៉ាង គឺដើម្បីឧត្តមប្រយោជន៍របស់ពួកគាត់។ គ្រប់គម្រោងកម្មវិធីរបស់អង្គការភ្លែន គឺមានគោលបំណងធ្វើឲ្យមានការប្រសើរឡើងនូវការរស់រានមានជីវិត ការការពារ ការអភិវឌ្ឍន៏ និងការចូលរួមរបស់កុមារ។

លោកថា ការពង្រឹងគុណភាពអប់រំនៅកម្ពុជា អង្គការផ្លែន តែងតែផ្សាភ្ជាប់ទំនាក់ទំនងគ្នា រវាងការអប់រំនិងការអភិវឌ្ឍន៍ ពីព្រោះបើគ្មានការអប់រំនោះទេ ក៏គ្មានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនោះដែរ។ លោក ស្វាយ សំអ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែនកម្ពុជា ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ។

លោក ស្វាយ សំអ៊ាង បានវាយតម្លៃខ្ពស់ និងកោតសរសើរអង្គការផ្លែនអន្តរជាតិ ដែលបានតែងតែជួយគាំទ្រអភិវឌ្ឍន៍មូលដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ជាកស្តែងសមិទ្ធផលដែលទទួលបាននាពេលនេះ បានបង្ហាញពីការខិតខំ ប្រឹងប្រែង ចូលរួមគាំទ្រអភិវឌ្ឍន៍មូលដ្ឋានពីសំណាក់អង្គការភ្លែនអន្តរជាតិ ឲ្យមានភាពរីចំរើនខាងផ្នែកអប់រំឲ្យកាន់តែប្រសើរ។ លោកថា អង្គការផ្លែនអន្តរជាតិជាអង្គការមួយដែលបានជួយអភិវឌ្ឍន៍មូលដ្ឋាន បានច្រើនទាំងវិស័យអប់រំនិងសុខាភិបាលក្និងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា កត្តាដែលអាចនាំឲ្យមានអង្គការក្រៅរដ្ឋាភិបាល ឬអង្គការដៃគូអភិវឌ្ឍន៍បានចូលរួមកសាងសមិទ្ធផល និងចូលរួមអភិវឌ្ឍន៍សហគមមូលដ្ឋាននេះ គឺមកពីកត្តាសន្តិភាពដែលយើង មិនអាចកាត់ថ្លៃបាន។ ប្រសិនបើគ្មានសន្តិភាពទេ យើងក៏មិនអាចអភិវឌ្ឍន៍សហគមន៍ ភូមិ/ឃុំ/ស្រុក និងប្រទេសជាតិឲ្យមានភាពរីកចំរើនបានដែរ ដូចនេះទោះក្នុងតម្លៃណាក៏ដោយយើងត្រូវរួមគ្នាការពារ សន្តិភាពនេះឲ្យបាននៅគង់វង់ជានិរន្តន៍៕